ព័ត៌មានជាតិ

រឿងពលករខ្មែរ នៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលាច្រើន ដើម្បីសម្របសម្រួល

ភ្នំពេញ៖ដើម្បីឱ្យពលករខ្មែរនៅប្រទសអារ៉ាប៊ីសាអូឌីតអាចមកកម្ពុជាវិញ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក នៅថ្ងៃអាទិត្យទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនទទួលលើនីតិវិធីរៀបចំឯកសារ ដើម្បីទទួលបានការអនុញ្ញាតឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់ ដែលប្រើពេលដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្នជុំគ្នា និងផ្តល់អាហារប្រចាំថ្ងៃ ជូនដល់បងប្អូនទាំងអស់ភ្លាមៗ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនដដែល។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករចំនួន ២៨នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពរួចហើយក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារបរទេស និងតំណាងស្ថានទូតខ្មែរប្រចាំអារ៉ាប៊ីសាអូឌីត៕

To Top