ព័ត៌មានជាតិ

ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាង នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ គ្រោងនឹងលេចចេញជារូបរាងហើយ ស្ថិតនៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។

សូមបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕

To Top