ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មកពីគ្រប់កងឯកភាពទាំង ៧ទីតាំងទូទាំងប្រទេសចំនួន ១ ៨៧៥នាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនដែរថា បញ្ចប់ នៃកម្មវិធី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រោសព្រះរាជទានព្រះរាជអំណោយជានិមិត្តរូបជូន លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សម្រាប់ចែកជូនបន្តដល់មន្ត្រីបុគ្គលិកស៊ីម៉ាក់ ទូទាំងប្រទេសដែលមិនបានមកទទួលព្រះរាជអំណោយដោយផ្ទាល់ពីព្រះអង្គសរុបចំនួន១.៤៧៥នាក់។ ដោយឡែកមន្ត្រីស៊ីម៉ាក់៤០០នាក់ គឺបានមកទទួលព្រះរាជអំណោយពីព្រះអង្គម្ចាស់ ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្ទាល់នៅក្នុងកម្មវិធីខាងលើនេះផងដែរ៕

To Top