ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការដាក់ឲ្យអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិ ជាការរួមចំណែក មួយដ៏សំខាន់ និងជំរុញសកម្មភាព ពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព និងប្រសិទ្ធភាព។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃ៧ ឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ ជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវា សាធារណៈ និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។

សម្ដេចធិបតីមានប្រសាសន៍ថា «ក្នុងន័យនេះ ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព និងការជឿទុកចិត្ត ពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ»។

សម្ដេចធិបតីបន្ថែមថា សមិទ្ធផលនេះ ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច ការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ។

ទន្ទឹមនឹងនេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឲ្យកិច្ចសម្រួលពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និងលើសកលលោក៕

To Top