ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើលោក មីន អោងឡាំង ពិចារណារៀបចំឲ្យមានជំនួប តាមប្រព័ន្ធវីដេអូរវាង សម្តេច និងលោកស្រី អោង សានស៊ូជី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពិចារណារៀបចំឲ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេច និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ខណៈកាលពីអំឡុងដើមខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោ នាយឧត្តមសេនីយ៍ មីង អោង ឡាំងក៏ធ្លាប់ បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលឲ្យមានជំនួបរវាងសម្តេច ជាមួយលោកស្រី អោង សានស៊ូជី ផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនាឱកាសអញ្ជើញជួបសន្ទនាជាមួយ លោក នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឲ្យលោក មីន អោងឡាំង ពិចារណារៀបចំឲ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ហើយរំពឹងថា ការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។
សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឲ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ៕

To Top