ភ្នំពេញ ៖ នៅព្រឹកទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជីកស្តារស្រះទឹក នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

សូមជម្រាបថា ការងារជីកស្តារស្រះទំហំ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ៣ម៉ែត្រ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ ជាផ្នែកមួយ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន ដែលតាមរយៈគម្រោងនេះ ខេត្តកំពត បានទទួលគម្រោងជីកស្តារស្រះទឹក ទាំងស្រះសហគមន៍ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោងអនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន ៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និង ស្រុកទឹកឈូ ១ស្រះ។ រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹក នៅជំហានទី១ សម្រេចបានប្រមាណ ៦០% ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជួបសំណេះសំណាលប្រកប ដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិក នៃសហគមន៍កសិកររុងរឿង ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍ តាមគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាកសិករនៃសហគមន៍ កសិកររុងរឿងបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណ ដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា តាមគ្រប់មធ្យោបាយដល់ពួកគាត់ និងបានថ្លែង អំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលតែងចុះអន្តរាគមន៍ដោយផ្ទាល់។

គួរបញ្ជាក់ថា គម្រោង ខ្សែច្រវ៉ាក់ផលិតកម្មប្រកប ដោយភាតរបរិស្ថានជាគម្រោងរួម របស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្ត គោលដៅចំនួនបួនគឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ ស្រះ៕
















