ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសា ប្រឡងឡើយ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងឡើយ ។

ការលើករបស់ ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីទទួលព័ត៌មាន បានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជា ការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើន សម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

កន្លងមក ក្រសួងបានចេញ សេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និង ផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដា សាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើន ម៉ោងសិក្សាយ៉ាងតិច ២ ម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពី ការពង្រឹង យន្តការរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សនៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សនៅកម្រិតសាលារៀន រួចមកហើយ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីអនុវត្តសេចក្តីណែនាំ ដូចបានរៀបរាប់ខាងលើ ឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្រសួង បានដាក់ចេញនូវវិធានការ ដូចជា៖ គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ក្រសួង បន្ដថា គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និង ពង្រឹងការរៀននិងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ, គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង, គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម។

លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ៕

To Top