ព័ត៌មានជាតិ

ទូតកាតា វាយតម្លៃខ្ពស់ពីតួនាទី របស់ CDC ក្នុងការជំរុញ និងទាក់ទាញវិនិយោគ

ភ្នំពេញ ៖ លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ពីតួនាទីរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការជំរុញ និងទាក់ទាញវិនិយោគ ហើយនឹងខិតខំជំរុញផ្សព្វផ្សាយ សក្តានុពលវិនិយោគ រវាងប្រទេសទាំងពីរកម្ពុជា-កាតា។

លោកឯកអគ្គរាជទូតកាតា បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នាថ្ងៃ៧ ឧសភា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងស្វែងយល់ ពីតួនាទីរបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងក្របខណ្ឌវិនិយោគ លោកអគ្គលេខាធិការរង បានលើកឡើងអំពីច្បាប់ និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងការត្រៀមខ្លួនជាស្រេច របស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សា ស្វែងយល់ពីសក្តានុពលវិនិយោគ រឺមកបណ្តាក់ទុននៅកម្ពុជា។

លោកឯកអគ្គរាជទូតកាតា បានយល់ច្បាស់ ព្រមទាំងវាយតម្លៃខ្ពស់ ពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ទន្ទឹមនឹងនេះ លោកបានលើកពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើន របស់ប្រទេសកាតា នាពេលបច្ចុប្បន្ន ហើយបានជម្រាបពីការត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំ ផ្សព្វផ្សាយពីសក្តានុពល វិនិយោគរបស់ប្រទេសទាំងពីរ ជូនវិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតា ដែលទទួលបន្ទុកការងារវិនិយោគ ហើយប្តេជ្ញានិងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញនិងពង្រឹងទំនាក់ទំនង ផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។

លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត ចំពោះស្មារតីនៃការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

To Top