ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា និង ILO បន្តពង្រឹងប្រតិបត្តិការ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។

ភាគីទាំងពីរ បានលើកឡើងបែបនេះ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ឧសភា ។

ក្នុងជំនួប លោកស្រី Chihoko Asada-Miyakawa បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹង កិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែមលើនេះ លោកស្រីឧបការីអគ្គនាយក បានអបអរសាទរចំពោះការសម្រេចបាន នូវលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ គាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងគាំទ្រកម្ពុជា ក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ ខាងមុខ។

ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកម្មវិធី នយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានា ក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏បានសុំមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍លោកស្រី Chihoko Asada-Miyakawa និងថ្លែងអំណរគុណដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់លោកស្រីក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេច គាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឲ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឲ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវ គោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

បន្ថែមលើនេះ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវ គោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គម ជាដើម។

ពាក់ព័ន្ធនឹងការលើកកម្ពស់ សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជា អាទិភាពលើការកសាងនូវសុខុដុមនីយកម្ម នៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាកាស ការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារ កាន់តែប្រសើរឡើងដល់កម្មករ-និយោជិតគ្រប់រូប ៕

To Top