ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ, ស្រះសហគមន៍ និងផ្លូវជនបទ២ខ្សែ នៅខេត្តព្រៃវែង

ភ្នំពេញ​៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ  ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

បន្ទាប់ពីបានពិនិត្យ ស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តនវទីបនារាម ហៅវត្តកោះពាមរាំងផងដែ។

នាក្នុងឱកាសអញ្ជើញសំណេះសំណាលនោះដែរ លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយ ក្តីនឹករលឹក និងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។

លោករដ្ឋមន្ដ្រី បានបន្តលើកឡើងថា ការជួបសំណេះសំណាលនាឱកាសនេះ គឺជាកត្ដាអំណោយផលដែលបានមកពីសុខសន្ដិភាព ហើយសន្ដិភាពនេះហើយដែលបង្កឱកាសឱ្យមានការអភិវឌ្ឍ មានសេរីភាព ហើយប្រជាជនអាចរស់នៅប្រកបដោយសុខដុមរមនា និងមានភាពថ្លៃថ្នូរ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានបន្ដជម្រាបជូនអំពីកម្មវិធីអាទិភាពរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤.ការពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

នារសៀលថ្ងៃដដែល លោក ឆាយ ប្ញទ្ធិសែន អញ្ជើញបន្ដដំណើរទៅពិនិត្យ ស្ថានភាពស្រះសហគមន៍ និងផ្លូវជនបទចំនួន ២ខ្សែ ដូចខាងក្រោម៖

–  ស្រះសហគមន៍មួយកន្លែងស្ថិតនៅក្នុងឃុំបឹងដោល ស្រុកព្រះស្ដេច ដែលមានទំហំ ៥០ម៉ែត្រ * ៥០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ និងមានចាក់បេតុងបាត ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន សម្រាប់បម្រុងទឹកទុកជូនប្រជាជនបរិភោគ និងប្រើប្រាស់។  ដោយស្ថានភាពមានភាពលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លោកស្រីមេឃុំបឹងដោល បានស្នើសុំ លោករដ្ឋមន្ដ្រី ស្ថាបនាផ្លូវ១ខ្សែ ឆ្លងកាត់ឃុំបឹងដោល ប្រវែង ៨ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច។

លោករដ្ឋមន្ត្រី បានណែនាំដល់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សិក្សាដើម្បីស្ថាបនាផ្លូវនេះ ក្នុងឆ្នាំ២០២៥ ខាងមុខ ។

–  ខ្សែផ្លូវទី១ ជាផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៨ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមសងខាង១ម៉ែត្រ តភ្ជាប់ពីភូមិស្វាយចារ ឃុំអង្គររាជ ស្រុកព្រះស្ដេច ទៅដល់ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ខ្សែផ្លូវនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដោយសម្រេចវឌ្ឍនភាពបាន ១០%។
–  ខ្សែផ្លូវទី២ ជាផ្លូវកៅស៊ូពីរជាន់ (DBST)ប្រវែង ១៥ គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាង ១ម៉ែត្រ តភ្ជាប់ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ទៅភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះស្ដេច ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅក្នុងខែកញ្ញ ឆ្នាំ២០២២។

To Top