ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ប្រាប់ទូតកាណាដា ច្បាស់ៗពីគោលការណ៍ របស់កម្ពុជា លើទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ច្បាស់ៗទៅកាន់ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូត នៃប្រទេសកាណាដា​ប្រចាំព្រះរាជាណាចក្រកម្ពុជា ថាកម្ពុជាមានគោលការណ៍មួយគឺ ស្វាគមន៍សម្របសម្រួលរួមចំណែក នៅក្នុងទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដោយត្រូវផ្ដោតលើគោលការណ៍ចំនួន៣។

គោលការណ៍ទាំង៣នោះគឺ៖

ទី១) សកម្មភាពបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ
ទី២) ធ្វើយ៉ាងណាមិនឱ្យប្រឆាំងនឹង ប្រទេសណាមួយ ឬប្លុកណាមួយ ដែលនាំឲ្យបង្កមានជម្លោះ នៅក្នុងតំបន់នេះ
ទី៣) ទស្សនៈណាក៏ដោយ គឺត្រូវស្របនឹងគោលការណ៍ និងទស្សនវិស័យរបស់ឥណ្ឌូប៉ាស៊ីហ្វិក របស់អាស៊ាននិងមជ្ឈភាពអាស៊ាន។

ការបញ្ជាក់ប្រាប់នេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូត នៃប្រទេសកាណាដា​ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសជាច្រើន សុទ្ធតែមានយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អាមេរិក កាណាដា សហគមន៍អឺរ៉ុប ជប៉ុន អូស្ត្រលី ឥណ្ឌា កូរ៉េ ជាដើម ។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយរបស់ថ្នាក់ដឹកនាំទាំងអស់រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

បើតាមអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានមើលឃើញថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក នេះ បង្កើតឡើង គ្រាន់តែដើម្បីប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ និងពិភពលោក តែប៉ុណ្ណោះ៕

To Top