ព័ត៌មានជាតិ

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជា​ គ្មានអំពើប្រល័យពូជសាសន៍»

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះឲ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយ ក្រុមការងារមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម) ។

កិច្ចសហការភាពជាដៃគូ រវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណង របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោក ឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបាន ជាប្រវត្តិសាស្ត្រក្នុងដំណើរការ នៃសាលាក្តីខ្មែរក្រហម អស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអ.វ.ត.ក. បាន និងកំពុងបន្តអនុវត្តក្រោយដំណើរការ នៃសវនាការសាលាក្តី។

ខាងលើនេះជាប្រសាសន៍របស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមការងារ ផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់និងអ្នកជំនាញ នៃមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ជាច្រើនរូប ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៃក្រសួងព័ត៌មានមកពី៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP), អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(TVK), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), និង APPរបស់ក្រសួងព័ត៌មានផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងផងដែរអំពីសារៈសំខាន់ ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងក្នុងចំណោមយុវជនទាំងអស់ ឲ្យបានដឹងអំពីយុត្តិធម៌ ដែលតុលាការកូនកាត់មួយនេះសម្រេចបាន ជូនដល់ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាសម្រាប់ប្រជាជាតិទាំងមូល ជាពិសេសដើម្បីឱ្យបានយល់អំពីប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជាបានធ្លាក់ចូល ទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានប្រព្រឹត្ត អំពើដ៏សាហាវព្រៃផ្សៃ និងការសម្លាប់យ៉ាងរង្គាល លើប្រជាជនកម្ពុជាស្លូតត្រង់ អស់ជាង៣លាននាក់ និងបានធ្វើឱ្យប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនារកទីបំផុតគ្មាន។

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី នៃអ.វ.ត.ក. បានមានប្រសាសន៍​ ជ​ម្រាបជូនកិច្ចប្រជុំថា៖ «មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ត្រូវបានបង្កើតឡើង និងបានដំណើរយ៉ាងល្អ ជាពិសេសក្នុងដំណាក់ ក្រោយដំណើរសវនាការសាលាក្តី បានបញ្ចប់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្សព្វផ្សាយ និងអប់រំពាក់ព័ន្ធនឹងសមិទ្ធផល នៃដំណើរការជំនុំជម្រះក្តី និងការងារគ្រប់គ្រងបណ្ណសារ ឱ្យបានទូលំទូលាយ ដល់សាធារណជន និងតាមដានការអនុវត្តការងារនានា ក្នុងក្របខណ្ឌបណ្តឹងរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌ សម្រាប់ជនរងគ្រោះ នៃរបបខ្មែរក្រហម»។

លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ «អ្វីដែលអង្គជំនុំជម្រះក្តីនៃសាលាក្តីកូនកាត់​ សម្រេចបានមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សលោក ដោយមានភាគីជាតិកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ បានផ្ដល់ការគាំទ្រដល់ដំណើរការ នៃតុលាការទាំងមូល និងការកាត់សេចក្ដីប្រកបដោយភាពរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ ដែលជាការរួមចំណែក ដល់ការថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងចូលរួមលើកកម្ពស់ ស្មារតី៧មករា ១៩៧៩ ថែមទៀត»។

លោក ទេព អស្នារិទ្ធ បានគូសបញ្ចាក់ថា៖ «ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយយុទ្ធសាស្ត្ររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យ ដើម្បីដើរតួនាទីលើកិច្ចការសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយពង្រឹងប្រសិទ្ធភាព និងគុណភាពផ្សព្វផ្សាយព័ត៌មានពិត និងចំណេះដឹងសម្បូរបែបលើគ្រប់វិស័យ ជូនដល់សាធារណៈជនទាំងក្នុងនិងក្រៅ ប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជា និងពិភពលោក បានដឹងអំពីភាពជោគជ័យ របស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ និងអំពីការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះដោយរបបខ្មែរក្រហម មានតម្លៃខ្ពស់រួមចំណែក លើកកម្ពស់សមិទ្ធផល របស់សាលាក្តីកម្ពុជា ជាតុលាការគំរូមួយដល់ប្រទេសនានា ក្នុងតំបន់ និងលើសកលលោកសិក្សា ដែលអាចជាបច្ច័យដល់ការរៀបចំតុលាការវិនិច្ឆ័យ លើអំពើប្រល័យពូសាសន៍ ឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរ នាពេលអនាគត។

លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌បានបន្តទៀតថា «ការផ្សព្វផ្សាយអំពីសមិទ្ធផល របស់សាលាក្តីនេះក៏ជាការចូលរួម ក្នុងការបណ្តុះមនសិកា របស់យុវជនជំនាន់ក្រោយ ឱ្យស្រលាញ់ ថែរក្សា និងការពារសន្តិភាព និងលើកកម្ពស់ស្មារតីមោទនភាពជាតិ ដោយក្រោយសង្គ្រាមដ៏រាំរៃកម្ពុជា បច្ចុប្បន្នមានសន្តិភាពពេញលេញ ជាគំរូសម្រាប់ជាតិសាសន៍ដទៃទៀត នៅលើពិភពលោក។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ លើលទ្ធភាពក្នុងការរៀបចំ នាពេលខាងមុខ ឱ្យមានអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ អ.វ.ត.ក. ក្រោយដំណើរការ សវនាការតុលាការបានបញ្ចប់ ខណៈ អ.វ.ត.ក. បានបើកទ្វារជាសាធារណៈដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជន ជាពិសេសយុវជនឱ្យទទួលបាន នូវចំណេះដឹង តាមរយៈការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងក្របខណ្ឌស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ មជ្ឈមណ្ឌលធនធាននេះមានផ្នែកសំខាន់ៗ ចំនួន ៦ គឺ៖ បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, គេហទំព័រថ្មី, និហិតដ្ឋានបណ្ណសារ ដែលមានឯកសារចំនួន២.៤លានទំព័រ, បន្ទប់ប្រើប្រាស់ពហុបំណង សម្រាប់រៀបចំសិក្ខាសាលានិងតុលាការនិម្មិត, បន្ទប់ពិគ្រោះយោបល់និងតាំងពិព័រណ៍, និងឧទ្យានសម្រាប់ការចងចាំ។

គួររំលឹកថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀង រវាងភាគីរាជរដ្ឋាភិបាលកម្ពុជាជាមួយ អង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការ ឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានចំណាយថវិកា ចំនួន៣៣៧,៧០លានដុល្លារអាមេរិក ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជាទាំងមូល។

ក្រោយសាលាក្តីខ្មែរក្រហម បានឈានមកដល់ទីបញ្ចប់ នៃការកាត់ក្តីទៅលើមេដឹកនាំខ្មែរក្រហម អង្គការសហប្រជាជាតិ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត ដោយចាប់ផ្តើមនៅក្នុង ឆ្នាំ២០២៣ រួមមាន៖ ទី១-មុខងារសេសសល់ផ្នែកយុត្តាធិការ រួមទាំងការគ្រប់គ្រងបណ្ណសារ ឱ្យអនុលោមតាមបទដ្ឋានអន្តរជាតិ និងទី២-មុខងារមិនមែនផ្នែកតុលាការដែលផ្តោតទៅលើ ការងារផ្សព្វផ្សាយសមិទ្ធផល របស់ អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តគម្រោង សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី ដែលមានសារៈសំខាន់ក្នុងការធានាថា «កេរដំណែល និងជនរងគ្រោះនៃរបបខ្មែរក្រហម មិនត្រូវបានគេបំភ្លេចចោល» ក្រោយពេលបញ្ចប់អាណត្តិការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា៕

To Top