ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ សមយុទ្ធនាគមាស ក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ មិនអាចបំបែកបានរវាងកម្ពុជា-ចិន

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធនាគមាសបានក្លាយជា និម្មិតរូបនៃកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។

បើតាមនាយឧត្តមសេនីយ៍ វង្ស ពិសេន សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើបជាងឆ្នាំមុនៗ ដើម្បីឲ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលកាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

នាយឧត្ដមសេនីយ៍គូសបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំនេះ មិនត្រឹមតែជាសមយុទ្ធកម្រិតកងទ័ពជើងគោក និងកងទ័ពជើងគោកនៅលើដីគោកប៉ុណ្ណោះទេ តែមានការពង្រីកដល់លម្អ សមុទ្រដែលមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិនផងដែរ។ លោកជឿជាក់ថា សមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់កងទ័ពជើងអាកាស និងទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត។

នាយឧត្ដមសសេនីយ៍ អគ្គមេបញ្ជាការ បានឲ្យដឹងថា គោលបំណងនៃសមយុទ្ធនាគមាស-២០២៤ ដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែ ស៊ីជម្រៅនូវទំនាក់ទំនង ជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឲ្យការកសាង សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិ ការនិងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ។ ពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា កិច្ចសហការនិងនិរន្តភាព រួមគ្នាថែរក្សាស្ថានភាព សន្តិភាពតំបន់ដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន លើកកម្ពស់សមត្ថភាព និង លទ្ធភាពប្រយុទ្ធជាក់ស្តែង នៃកងទ័ពទាំងពីរកម្ពុជា-ចិនក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្មនិយម។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា «សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូបនៃកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែក បានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន ។ សមយុទ្ធនេះ ពិតជាផ្តល់នូវសារសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព និង ការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជា ចម្រុះនិងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ» ។

លោកនាយឧត្ដមសេនីយ៍ថា សមយុទ្ធនេះក៏បានធ្វើឲ្យកងទ័ពទាំងពីរពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើន ចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ដទៃ ក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការ ទាំងថ្នាក់ជាតិ-អន្តរជាតិក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ ។

គួរឲ្យដឹងផងដែរថា សមយុទ្ធនាគមាសនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-៣០ ឧសភា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធលើផ្ទៃសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ ៕

To Top