ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស សុខា ប្រាប់អគ្គនាយកដ្ឋានក្រោមឱវាទ បន្តយកចិត្តទុកដាក់​ លើការងារកំណែទម្រង់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអគ្គនាយកដ្ឋានទាំងអស់ ស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើកិច្ចការងារកំណែទម្រង់ ដើម្បីប្រសិទ្ធភាពការងារតាមអង្គភាពនីមួយៗ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នៅថ្ងៃ១៦ ឧសភា នាយឧត្តមសេនីយ៍ ស សុខា កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវច្បាប់បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស សុខា ក៏បានណែនាំបន្តយកចិត្តទុកដាក់ធ្វើការលើការងារកំណែទម្រង់ ដោយការងារនេះ បានផ្តល់ឱកាសឲ្យអង្គភាពមានការរីកចម្រើនជឿនលឿន ជាក់ស្តែងគឺការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលដៅក្នុងការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្នាក់ក្រោមជាតិ។

នាយឧត្តមសេនីយ៍ ស សុខា មានប្រសាសន៍ថា «ឆ្នាំនេះ វាអាចនឹងទៅផុត ប៉ុន្តែខ្ញុំសូមតម្កល់នូវភាពកក់ក្ដៅ និងជឿទុកចិត្តយ៉ាងមុះមុតតាមបណ្ដាអគ្គនាយកដ្ឋាននីមួយៗទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ ហើយខ្ញុំជឿជាក់១០០ភាគរយថា កំណែទម្រង់ ជាឧបករណ៍តែមួយគត់ ជាឱកាសតែមួយគត់ ដែលយើងដើរជៀសផុតពីការទៅបុកជញ្ចាំង»។

ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស សុខា ក៏បានប្រកាសប្ដេជ្ញាចិត្តខ្ពស់ បន្តធ្វើយ៉ាងណាជំរុញភាពយេនឌ័រនៅក្នុងសង្គម ក៏ដូចជាការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធផងដែរ។ នាយឧត្តមសេនីយ៍ថា ឆ្នាំក្រោយ ចំនួនស្រ្តីដែលអាចចូលបម្រើការងារក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ នឹងមានចំនួនច្រើនជាងនេះ៕

To Top