ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនជាបណ្ឌិតដឹងគ្រប់រឿង ដែលលើកឡើងថា ទាល់តែសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ហ៊ានធ្វើអ្វីឲ្យខុស ពីគោលនយោបាយ របស់អតីតនាយករដ្ឋមន្ត្រី ដែលជាឪពុកនោះ ទើបស្ថានភាពកម្ពុជា មានការប្រសើរឡើង ប៉ុន្តែសម្តេចតេជោតបថា មិនថាកូន មិនថាឪនោះទេ ធ្វើខុសគោលការគណកប្ស គឺមានរឿងហើយ ។
ថ្លែងក្នុងសន្ទរកថាពិសេស ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ នារសៀលថ្ងៃទី១៦ ឧសភានេះ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីម្តងទៀត ជុំវិញជំហររបស់កម្ពុជាថា កម្ពុជាមិនត្រូវការធ្វើជាសត្រូវជាមួយវៀតណាមនោះទេ ហើយវៀតណាម ក៏គ្មានការចាំបាច់យកកម្ពុជា ធ្វើជាសត្រូវដែរ ខណៈសម្តេចតេជោ បានសង្កត់ធ្ងន់ៗថា កម្ពុជា មិនជ្រើសយកនរណាទាំងអស់ តែកម្ពុជាត្រូវការធ្វើមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ។
សម្តេចតេជោលើកឡើងថា “មានអាក្រុមចាក់ដោត វាមានស្អីក៏ភូមិសាស្ត្រនយោបាយដែរ ឲ្យតែវាចង់ប្រឆាំចិន គឺវាប្រឆាំងដល់កម្ពុជា កម្ពុជា មិនជ្រើសរើស យកអ្នកណាទាំងអស់ គឺរើសយកធ្វើជាមិត្តទាំងអស់ នេះជាគោលនយោបាយ មិនថារដ្ឋាភិបាលចាស់ ឬរដ្ឋាភិបាលថ្មីទេ គណបក្សប្រជាជនតែមួយទេ គោលនយោបាយតែមួយនោះទេ កុំមកចង់ឲ្យថា ឲ្យកូនធ្វើខុសពីឪ ឬអ្នកជំនាន់ក្រោយ ធ្វើខុសពីអ្នកជំនាន់មុន អត់ទៅរួចទេ ។ បោះឆ្នោតនៅកម្ពុជា គឺប្រព័ន្ធសមាមាត្រ បានសេចក្តីថា បក្សមានតួនាទី” ។
ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ទៀតថា “សូមផ្តាំផ្ញើទៅអ្នកដែលឆោតល្ងង់ ខាងនយោបាយឲ្យបានច្បាស់ បោះឆ្នោតនៅកម្ពុជា គឺបោះតាមប្រព័ន្ធសមាមាត្រ បក្សមានសិទ្ធិដាក់អ្នកណាធ្វើអីៗ ឈរឈ្មោះ អ្នកណាមិនឈរឈ្មោះ បក្សមានសិទ្ធិ”។
ចំពោះអ្នកវិភាគមួយចំនួន ដែលធ្លាប់បានលើកឡើង កាលពីពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោថា ទាល់តែសម្តេចធិបតី ធ្វើការងៀកចេញពីគោលនយោបាយ របស់សម្តេចតេជោ ទើបអាចធ្វើឲ្យស្ថានភាពកម្ពុជា មានភាពល្អប្រសើរឡើងនោះ ត្រូវបានសម្តេចតេជោឆ្លើយតបវិញថា គ្មានផ្លូវនោះទេ ព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ មកពីគណបក្សប្រជាជនកម្ពុជា ហើយគណបក្សមានគោលនយោបាយរបស់គណបក្ស មិនថា នាយករដ្ឋមន្ត្រីចាស់ ឬនាយករដ្ឋមន្ត្រីថ្មី ត្រូវតែអនុវត្តគោលនយោបាយរបស់បក្ស ។
ក្នុងនោះសម្តេចតេជោ មានប្រសាសន៍ថា “ខ្លះតបថា ទាល់តែ ហ៊ុន ម៉ាណែត ធ្វើខុសពីឪ ទើបសភាពការល្អប្រសើរ… អត់ទេ មិនថាកូន មិនថាឪនោះទេ តែធ្វើខុសគោលការគណបក្ស គឺមានរឿង ។ មិនមែនជាការគំរាមកំហែងទៅ ដល់នាយករដ្ឋមន្ត្រីថ្មីទេ ក៏ប៉ុន្តែគ្រាន់តែឲ្យអ្នកឯងយល់ អំពីប្រព័ន្ធបោះឆ្នោតសមាមាត្រ គឺបក្សមានសិទ្ធិ និងលើកការអនុវត្តគោលនយោបាយ” ។
បើទោះជាបែបនេះក៏ដោយ សម្តេចតេជោ ក៏បានរំលឹកដែរថា គណបក្សមិនបានទៅធ្វើការសម្រេចចិត្ត ជំនួសខាងនយោបាយ ឬមួយការសម្រេចចិត្តអ្វីមួយ ដែលរាជរដ្ឋាភិបាលត្រូវធ្វើនោះទេ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រី ក៏ត្រូវតែអនុវត្តគោលនយោបាយរបស់គណបក្សដែរ ។
សម្តេចតេជោ មានប្រសាសន៍ថា “ចឹងសូមកុំភ័ន្តច្រឡំ គោលនយោបាយរបស់គណបក្ស និយាយថាយ៉ាងដូច្នេះ ថាទេ ជាប់គំនាមឪពុក ទាល់តែអាកូនប្រឆាំងឪ អ្នកជំនាន់ក្រោយ ប្រឆាំងអ្នកជំនាន់មុន បានពួកអ្នកឯងសុខចិត្តមែនទេ? គ្មានផ្លូវទេ No Way ប្រាប់អ្នកឯងឲ្យហើយ”៕