ព័ត៌មានជាតិ

អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាវៈ»​ រវាងក្រសួងការងារ និងទីភ្នាក់ងារ សហប្រតិបត្តិការអន្ដរជាតិកូរ៉េ​ ត្រូវបានចុះហត្ថលេខា​ អំឡុងទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៤ ។

កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីបង្កើត ក្របខណ្ឌកិច្ចសហប្រតិបត្តិការ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈជាមួយគ្នាទៅវិញទៅមក ស្របតាមតម្រូវការទីផ្សារការងារ របស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលពលករជំនាញទៅនឹងឱកាសការងារទាំងនៅក្នុងប្រទេស និងនៅបរទេស ព្រមទាំងមានការគាំទ្រពលករបន្ថែម ក្រោយពេលធ្វើមាតុភូមិនិវត្តន៍ ៕

To Top