ភ្នំពេញ ៖ សិស្ស ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មាន ជាភាគីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋាន របស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញ ពួកគេឱ្យមកចុះឈ្មោះចូលរៀន ជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាម ដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមាន អ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជន ដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះ គឺមានសារសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗ ពីការសិក្សាជំនាញរបស់យុវជន»។

យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះគឺជាស្ពាន ក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រ ក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់ រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយ ទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។

ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បង្ហាញអារម្មណ៍ដែរថា អ្នកសារព័ត៌មានគឺជាភាគីមួយយ៉ាង សំខាន់ក្នុងផ្តល់ព័ត៌មាន អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស របស់រាជរដ្ឋាភិបាល មួយនេះបានយ៉ាងទូលំទូលាយទៅដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក តំបន់ផ្សេងទៀត ដែលអាចធ្វើឱ្យពលរដ្ឋ ក៏ដូចជាយុវជនគោលដៅ បានដឹងបានឮបានឃើញបានជ្រាបអំពីការផ្តល់ការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

យុវជនរូបនេះថា៖«ដូចខ្ញុំចឹង! ដំបូងឡើយខ្ញុំអត់ដឹងថា កម្ពុជាមានវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់ ឱ្យដោយរាជរដ្ឋាភិបាល នោះទេ រហូតដល់ខ្ញុំឃើញមានការផ្សព្វផ្សាយ ព្រោងព្រៀតពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមបណ្តាញសង្គម ជាពិសេសតាមទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកនានា។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីកម្មវិធីសិក្សាជំនាញនេះហើយ ទើបខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរៀន ជំនាញបច្ចេកទេសនៅសាលា NPIC នៅពេលនេះ»។

ទន្ទឹមនឹងនេះយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានអំពាវនាវឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលមានជីវភាពក្រីក្រ និងបានបោះបង់ការសិក្សា សូមរួសរាន់មកដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញនេះគឺរៀនដោយឥតគិតថ្លៃ ប្រសិនបើយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យយុវជននឹង ទទួលបានប្រាក់ឧបត្ថម្ភជា ប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ ។ ការជួយជ្រោមជ្រែងនេះគឺជា ការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាមានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា ដែលអាច ជួយស្រោចស្រង់ជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតដ៏ខ្លី ។

យុវជនដែលកំពុងសិក្សាជំនាញសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មាន បានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារ នឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃ ទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន ៕


