ព័ត៌មានជាតិ

NPICបញ្ជូនសិក្ខាកាម ចំនួន១២២នាក់ ចុះហាត់ការ នៅក្រុមហ៊ុនឯកជន ដើម្បីដកស្រង់ បទពិសោធន៍ពិត

ភ្នំពេញ ៖ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ជូនសិក្ខកាម នៃកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់រាជរដ្ឋាភិបាល ចំនួន១២២នាក់ ចុះហាត់ការ នៅក្រុមហ៊ុនឯកជន លើជំនាញចំនួន៤ ដើម្បីដកស្រង់បទពិសោធន៍ពិត ខណៈសិក្ខាកាមរំពឹងខ្ពស់ ក្នុងការក្លាយជាបុគ្គលិក ពេញសិទ្ធិបន្ទាប់ពីហាត់ការរួច ។

ការបញ្ជូនសិក្ខាកាមទៅចុះហាត់ការរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៅក្រុមហ៊ុនឯកជន នេះបន្ទាប់ពីសិក្ខាកាមបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការ នៅក្រុមហ៊ុនឯកជន ពេលនេះគឺជាវគ្គចុងក្រោយ នៃការសិក្សាជំនាញ បច្ចេកទេសរបស់សិក្ខាកាម។

បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុមហ៊ុនដែលសិក្ខាកាមចុះហាត់ការមានដូចជា Lotus Green Team, A2Z M&e Engineering Co,..Ltd, Fast Green, GTV, A C C E Service, Three L (Cambodia), Sokha Phnom Penh Hotel & Residence, Sokha Phnom Penh, Dara Airport City Hotel & Spa។ ក្នុងនោះជំនាញទាំង៤មានដូចជា ជំនាញដំឡើងបណ្តាញអគ្គិសនី, ការថែទាំ និងជុសជុលរថយន្ត, ការថែទាំ និងជុសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, និងផ្នែកទេសចរណ៍ មុខជំនាញការធ្វើនំ។

យុវជន សូ កក្កដា សិក្ខាកាមសិក្សាជំនាញ ការដំឡើងបណ្តាញអគ្គិសនី ក្នុងអាគារនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា លើកឡើងថា៖ «សាលាបានបញ្ជូន ខ្ញុំមកចុះហាត់ការនៅក្រុមហ៊ុន A2Z រយៈពេល៣ខែ បន្ទាប់ពីសិក្សាជំនាញ នៅក្នុងថ្នាក់រួច។ ខ្ញុំសប្បាយចិត្តពេល ដែលបានចុះហាត់ការ នៅក្រុមហ៊ុនឯកជននៅពេលនេះ ពីព្រោះវាជាឱកាស ក្នុងពង្រឹងសមត្ថភាពបន្ថែមទៀត»។

យុវជនរូបនេះបន្ថែមថា ការចុះហាត់ការ នៅក្រុមហ៊ុនឯកជននេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភពី សំណាក់ក្រុមហ៊ុនសមរម្យជាប្រចាំខែផងដែរ។ ការចុះហាត់ការ នៅក្រុមហ៊ុនឯកជននេះ គឺ ជាឱកាសក្នុងការក្លាយ ទៅជាបុគ្គលិកពេញសិទ្ធិ របស់ក្រុមហ៊ុនផងដែរ ហើយសង្ឃឹមថា ម្ចាស់ក្រុមហ៊ុននឹងទទួលខ្លួន ជាបុគ្គលិកពេញសិទ្ធិ បន្ទាប់ពីហាត់ការបាន៣ខែរួច។

គួរកត់សម្គាល់ដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបាន ដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាម ទូទាំងប្រទេសបាន នឹងកំពុងសិក្សាជំនាញនានា ដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួន ក៏បាននឹងកំពុងចុះហាត់ការនៅបណ្តា ក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារ នៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ ការរួចផងដែរ៕

To Top