ព័ត៌មានជាតិ

សាលា NPIC រៀបចំសង្ក្រាន្ត​ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃទី៩ ខែមេសា ២០២៤ ដើម្បីថែរក្សាប្រពៃណីជាតិ ទំនៀមទម្លាប់របស់ខ្មែរដ៏ផូរផង់ ។

ការរៀបចំកម្មវិធីសង្ក្រាន្ត របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅឆ្នាំនេះ មានលេងល្បែងប្រជាប្រិយជាច្រើនរួមមាន ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម ពង្រាត់កូនក្រមុំ លោតបាវ និងកម្មវិធីសប្បាយៗជាច្រើនទៀត ។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាព សប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ។

យុវជន ឡាយ អ៊ីវស៊ូ និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លើកឡើងថា ៖ «កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាន ពហុបច្ចេកទេសកម្ពុជា ត្រូវបានរៀបចំឡើងតាមបែបប្រពៃណី ដើម្បីថែររក្សានូវវប្បធម៌ដ៏ផូរផង់ របស់ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមានសិស្ស និស្សិតចូលរួមជាច្រើនរយនាក់»។

យុវជនរូបនេះបន្ថែមថា សង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមិនត្រឹមតែធ្វើឡើងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានបំណងជួបជុំបងប្អូនដែលជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដើម្បីពង្រឹងភាពស្និទ្ធស្នាល មិត្តភាពរវាងគ្នានិងគ្នាផងដែរ។

យុវជនរូបនេះអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែរក្សាវប្បធម៌ខ្មែរដ៏ផូរផង់តាមរយៈការលេងល្បែងប្រជាប្រិយដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយពីព្រោះការថែរក្សាវប្បធម៌ខ្មែរ គឺជាកាតព្វកិច្ចរបស់យុវជន ខ្មែរគ្រប់រូប ដែលនិស្សិត បញ្ញវន្ត ជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សី របស់ប្រទេសកម្ពុជា នាពេលអនាគត។

យុវតី ហាក់ ឡៃហ៊ាង ជានិស្សិតសិក្សានៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជាថា៖«ខ្ញុំសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង ដែលបានចូលរួមកម្មវិធីសង្ក្រាន្ត របស់វិទ្យាស្ថាននៅឆ្នាំនេះ ពីព្រោះកម្មវិធីបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការថែររក្សាវប្បធម៌ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ ជាច្រើនប្រភេទខុសៗគ្នានៅថ្ងៃសង្ក្រាន្តដែលមានសិស្ស និស្សិតចូលរួមយ៉ាងច្រើនកុះករផងដែរ»។

យុវតីរូបនេះសង្ឃឹមថា វិទ្យាស្ថាន នឹងបន្តរៀបចំឱ្យមានកម្មវិធី បែបប្រពៃណីបន្តបន្ទាប់ទៀត ពីព្រោះវាមានសារសំខាន់ណាស់។ លើកពីនេះទៅទៀត វាជាឱកាសមួយសម្រាប់យុវជន ក៏ដូចជានិស្សិតទាំងអស់ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា មានពេលវេលាជុំគ្នា ស្គាល់គ្នា បង្កើនភាពស្និទ្ធស្នាល និងជាពិសេសនោះបានជួបជុំលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននៅទីនេះ។

ទន្ទឹមនឹងនេះនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាអំពាវនាវ ឱ្យយុវជនទាំងអស់រួមគ្នាថែររក្សាសម្បត្តិវប្បធម៌ខ្មែរ តាមរយៈការលេងល្បែង ប្រជាប្រិយខ្មែរ អំឡុងពេលចូលឆ្នាំ ។ សម្បត្តិដ៏មានតម្លៃឥតកាត់ថ្លៃ បានរបស់ជាតិទាំងនេះ យុវជនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា ការពារសម្បត្តិ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក្នុងនោះដែរយុវជនត្រូវ ខិតខំរៀនសូត្រ ធ្វើជាយុវជន យុវតី ឆ្នើម ដើម្បីប្រទេសជាតិ និងក្លាយជាទំពាំងដ៏ល្អ សម្រាប់ស្នងឬស្សីនាពេលអនាគត។

គូសបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅ តាម វិទ្យាស្ថាន បណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅ ក្រោម ក្រសួងការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្ត ប្រចាំសាលារបស់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។ វិទ្យាស្ថាននីមួយៗបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ដើម្បីថែរក្សា និងបណ្តុះស្មារតីរបស់យុវជន និស្សិតបញ្ញវន្តខ្មែរឱ្យចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិផងដែរ៕

To Top