ព័ត៌មានជាតិ

លោក ឃួង ស្រេង ជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខណ្ឌ អាណត្តិទី៤

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ដែលជាអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ គឺខណ្ឌឬស្សីកែវ ជ្រោយចង្វានិងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានកោតសរសើរចំពោះក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ឧសភាខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា អោយទទួលបានជ័យជំនះបន្តទៀត។


លោក ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើងគឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់គឺក្តាប់ព័ត៌មានអោយបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។

លោកបញ្ជាក់ថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះអោយបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។

លោកបញ្ជាក់ថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ឬថ្ងៃក៏ដោយសុំទាក់ទងមកលោកភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះអោយបានទាន់ពេលវេលា។

លោកបញ្ជាក់បន្តទៀតថា៖ កាលបោះឆ្នោតព្រឹទ្ធសភា យើងទទួលបាន ជោគជ័យ ដោយគណបក្សផ្សេងគេក៏បោះឆ្នោតអោយយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិ របស់សម្តេចតេជោហ៊ុន សែន ល្អធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនជឿនលឿន៕

To Top