ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសហគ្រាសគ្រឹះស្ថាន»

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះការចុះអនុស្សរណៈដែលភាគីទាំងពីរសម្រេចបានជាផ្លូវការនាពេលនេះដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន ខណៈដែលក្រសួងទាំងពីរធ្លាប់ធ្វើការរួមគ្នារួចហើយតាមរយៈយន្តការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសដើម្បីធានាពីបរិយាកាសល្អសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស។

សម្រាប់លោករដ្ឋមន្ត្រី ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងទាំងពីរក្នុងការធានានូវបរិយាកាសកន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថានដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។ មួយវិញទៀតស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំណល់ប្លាស្ទិកដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្គមតាមរយៈជីវភាពប្រចាំថ្ងៃរបសើប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន។

ដោយឡែកលោករដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរដើម្បីធ្វើឱ្យកម្ពុជាឈានមុខជាលំដាប់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅទូទាំងប្រទេសមួយកម្រិតទៀត។

ក្រៅពីនេះ លោករដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាការ គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើមក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម។

យ៉ាងណាក៏ដោយលោក ហេង សួរ បានកត់សម្គាល់ថា ដើម្បីជំរុញកិច្ចការងារនេះជោគជ័យបានលុះត្រាណាតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធបំផុតពីវិស័យឯកជនដែលតំណាងឱ្យភាគីថៅកែរោងចក្រ និងភាគីកម្មករនិយោជិតផ្ទាល់បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដែលជាអ្នកចេញយុទ្ធនាការ៕

To Top