ព័ត៌មានជាតិ

កម្ពុជា អរគុណឆែក បានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍។

ការលើកឡើងរបស់សម្ដេចតេជោ នាឱកាសអនុញ្ញាតឲ្យលោក Martin Vavra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២០ ឧសភា ។ បើតាមហ្វេសប៊ុកសម្តេច ក្រៅពីលុបបំណុលហើយ ឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។

កម្ពុជាបានជំពាក់បំណុលឆែកប្រមាណជា៣លានដុល្លារដែលបានខ្ចីកាលពីឆ្នាំ១៩៨០ ហើយកាលពីខែធ្នូ ឆ្នាំ២០១២ រដ្ឋាភិបាលនៃប្រទេសឆេកក៏ បានសម្រេចលុបចោលបំណុលដោយបង្វែរបំណុលនោះទៅជាជំនួយដើម្បីឲ្យអភិវឌ្ឍន៍កម្ពុជាវិញ។

សម្រាប់ជំនួបជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតឆែក បានប្ដេជ្ញានឹងបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដោយបច្ចុប្បន្នពុំទាន់មានតុល្យភាពនៅឡើយ ដោយការនាំចេញពីកម្ពុជាទៅឆែកមានទំហំស្ទើតែលើស១០០រយដង នៃការនាំចូលពីឆែកមកកម្ពុជាវិញ។

ឯកអគ្គរដ្ឋទូតឆែក នឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀតពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាពតាមរយៈការនាំអ្នកវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត ហើយជាមួយគ្នានេះ ក៏នឹងជំរុញឲ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៀត។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញពីកម្ពុជាទៅសាធារណរដ្ឋឆែក ក៏ដូចជាពីសាធារណរដ្ឋឆែកចូលមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ទន្ទឹមនឹងនេះ សម្ដេច ក៏បានផ្ដល់អនុសាសន៍គួរពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលអាចជាការលើកទឹកចិត្តឲ្យអ្នកវិនិយោគមានទំនុកចិត្តគ្នាក៏ដូចជាការជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

To Top