ព័ត៌មានជាតិ

សម្ដេចតេជោ ទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រធានរដ្ឋសភាថ្មីវៀតណាម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញជំហរទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឌិន ថាញ់មិន ដែលទើបជាប់ឆ្នោតជាប្រធានសភាវៀតណាមថ្មី ក្រោមគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក ។

ការរង់ចាំធ្វើការជាមួយប្រធានរដ្ឋសភាថ្មីដែលមានប្រទេសជិតខាងកម្ពុជារបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរនាថ្ងៃ២១ ឧសភានេះ ជូន លោក ង្វៀន ថាញ់មិនបានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥ នៃរដ្ឋសភាវៀតណាម កាលពីថ្ងៃ២០ ឧសភា។

ក្នុងលិខិតនោះ សម្ដេចតេជោអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោក ឌិន ថាញ់មិន ។ សម្ដេចបន្ថែមថា តួនាទីដ៏ស័ក្តិសមសម្រាប់លោក ឌិន ថាញ់មិន នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងជំនឿជឿជាក់ដែលគណបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាមមានចំពោះលោក ក្នុងការដឹកនាំរដ្ឋសភាដើម្បីភាពប្រសើរឡើង និងវិបុលភាពខ្ពស់ជាងមុនសម្រាប់វៀតណាម។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតជាមួយគ្នាកាលពី៥៧ឆ្នាំមុន កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព ជាប្រពៃណីដែលបន្តរីកចម្រើនឥតឈប់ឈរ និងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ។

លិខិតរបស់សម្តេចតេជោបញ្ជាក់ថា “ខ្ញុំទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីធ្វើឲ្យកាន់តែស៊ី ជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែងរបស់យើង ក្រោមគោលការណ៍នៃ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេស និងស្ថាប័ននីតិប្បញ្ញត្តិ របស់ប្រទេសយើងទាំងពីរ”។

សម្ដេចមានទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ឌិន ថាញ់មិន រដ្ឋសភាវៀតណាម នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការសភាទាំងពីរ កម្ពុជា-វៀតណាមឲ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធផលទាំងក្រោមក្របខណ្ឌទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុល ភាពនៃប្រទេសទាំងពីរ និងតំបន់៕

To Top