ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើមិត្តចិន មើលមកកម្ពុជា ជាមិត្តដែលគួរឲ្យទុកចិត្ត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើមិត្តចិនមើលមកកម្ពុជា ជាមិត្តដែលគួរឲ្យទុកចិត្ត ហើយមិត្តចិន អាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី របស់​កម្ពុជា ​ដោយ​មិន​ផ្លាស់ប្ដូរ ​ទំនាក់ទំនង​ជាមួយ​ចិនឡេីយ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះដែរ លោក Shohrat Zakir បានលើកឡើងថា ភាគីចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជា យ៉ាងមុតមាំនូវមាគ៌ា អភិវឌ្ឍន៍របស់ខ្លួន ស្រប តាមសភាពការណ៍ជាក់ស្ដែង ។ ប្រទេសចិន ក៏បានប្តេជ្ញាសហការ ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។

លោក បានបញ្ជាក់ថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផល កសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ ច្រករបៀងមច្ឆា និង អង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹក កខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម ។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។

សម្ដេច ក៏បានគូសបញ្ជាក់ថា «សុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត»។ សម្ដេច មានប្រសាសន៍បន្តថា «មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណ ចំពោះមិត្តចិន ដែលបានជួយឲ្យកម្ពុជា អាចទប់ទល់នឹងជំងឺនេះបានប្រកប ដោយភាពជោគជ័យ ។ សម្ដេច បន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់ សម្រាប់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ៕

To Top