ព័ត៌មានជាតិ

ក្នុងខែឧសភានេះ កម្ពុជាមានការងារ ប្រមាណជិត៥ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅខែឧសភានេះ កម្ពុជាមានការងារ ប្រមាណជិត៥ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងវិស័យធំៗ ចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

ទីភ្នាក់ងារនេះ បានលំអិតថា ឱកាសការងារក្នុងស្រុកសរុបទាំង ៤៨,៦០៤ កន្លែងនោះ មាន៣៥, ៨១៤កន្លែងក្នុងវិស័យ ឧស្សាហកម្ម, ២,៧៨០ កន្លែងវិស័យសេវាកម្ម, និង១០,០១០កន្លែង វិស័យកសិកម្ម ហើយក្នុងនោះ របរដែលត្រូវប៉ាន់ ច្រើនជាងគេមានចំនួន១០ គឺអ្នកបញ្ជាម៉ាស៊ីនដេរ ២២ ៨៣២កន្លែង,កម្មករចំការដំណាំ ៩ ៩៤៥កន្លែង, មន្រ្តីឥណទាន និងប្រាក់កម្ចី ៥២៨កន្លែង, កម្មករវេចខ្ចប់ដោយដៃ ៩០៣កន្លែង,អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ៥៥៥កន្លែង, អ្នកតម្លើង បរិក្ខាអគ្គិសនី និង អេឡិចត្រូនិច ៤៣៣កន្លែង, កម្មករក្នុងផលិតកម្ម ៧ ១៤៤កន្លែង, អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិត ផលិត ផលគីមី ១ ១០០កន្លែង ,យន្តការី និងអ្នកផ្ដល់សេវាគ្រឿងអេឡិចត្រូនិច ៤០០កន្លែង, អ្នកបញ្ជាម៉ាស៊ីន វេចខ្ចប់ច្រកដាក់ដប និងដាក់ផ្លាកសញ្ជា ៦៦១កន្លែង និងមុខរបរផ្សេងៗ ៤ ១០៣កន្លែង។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្គូផ្គង ស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ និងនិស្សិតរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ហើយទីភ្នាក់ងារក៏តែងតែប្រារព្ឋពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដើម្បីយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ។

ជាក់ស្តែង កាលពីថ្ងៃទី៩-១០ ខែឧសភា កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានសហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិព័រណ៍ការងារ និង មគ្គទេសក៍អាជីពនៅអគារ Kampus ដែលបានឱកាសការងារ សរុបចំនួន ៥ ៤០០ កន្លែងដល់យុវជននិងប្រជាពលរដ្ឋ៕

To Top