ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាននានា ពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្កោលទោសផងដែរ។
ដោយក្រសួងអះអាងថា បុគ្គលបោះចោលសំរាមផ្តេសផ្តាសចូលទៅក្នុងទន្លេ ប្រព្រឹត្តល្មើសច្បាប់ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន គាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។
សូមបញ្ជាក់ថា មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
