ព័ត៌មានជាតិ

ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ នៃក្រសួងការងារ ឆ្លើយតបនិងផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋបានរហ័ស ច្បាស់លាស់ និងពេញចិត្ត

ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤​កន្លងមកនេះ​ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានជូនសាធារណជនចំនួនជិត ១១ម៉ឺន៦ពាន់ដង តាមរយៈការហៅទូរសព្ទចូល(Hot Line) លេខ ១២៨៦ និង ១២៩៧។ នេះបើតាមការបញ្ជាក់ពី លោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក​ គូសបញ្ជាក់បន្ថែមថា ជាការកត់សម្គាល់ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ បានធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនការហៅទូរស័ព្ទចូលពីសាធារណជន ក្រុមការងារបានអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​។

លោកលើកឡើងថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិ សន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។

ទន្ទឹមនឹងនេះ លោក​ កត្តា អ៊ន ក៏បានអំពាវនាវ ដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទង មកកាន់ ក្រុមការងារ ដែលនេះ​ជាកិច្ចសហការ រវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវា សាធារណៈ ។ លើសពីនេះទៀត លោកក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត ៕

To Top