ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ចូលជួប និងស្នើសុំការណែនាំលើការវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ មិថុនាបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងប្រតិភូរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុនចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។

លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានលើកឡើងថា ក្រុមហ៊ុននៅជប៉ុនមានការវិនិយោគចម្បងក្នុងវិស័យអចលនទ្រព្យ ហើយក៏មានការវិនិយោគផងដែរក្នុងវិស័យថាមពល ដូចជាថាមពល ពន្លឺព្រះអាទិត្យ ហើយថ្មីៗនេះក៏បានចាប់ផ្តើមការវិនិយោគលើជីវៈឥន្ធនៈផងដែរ។ លោកប្រធានក្រុមហ៊ុនគូសបញ្ជាក់ថា កត្តាដែលជំរុញក្រុមហ៊ុនជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគដោយសារកម្ពុជា ជាប្រទេសមួយ មានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះនិងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយ បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក។

ប្រធានក្រុមហ៊ុនរូបនេះ អះអាងថា សកម្មភាពកែច្នៃ ដែលជាចំណាប់អារម្មណ៍ចម្បង របស់ក្រុមហ៊ុន គឺការផលិតប្រេងជីវឥន្ធនៈ ចេញពីសំបកគ្រាប់ ស្វាយចន្ទី ។ លោក បានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្រ របស់ក្រុមហ៊ុន MIRARTH Agri Tech ដែលទើបសម្ពោធដាក់ឲ្យដំណើរការ នៅក្នុងខេត្តកំពង់ធំមានសមត្ថភាព កែច្នៃគ្រាប់ស្វាយចន្ទី បានប្រមាណ ១ ៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុនរំពឹងថា នឹងពង្រីកសមត្ថភាពកែច្នៃ រហូតដល់ប្រមាណ២ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលអាចផលិតថាមពល បានប្រមាណ២,៥មេហ្គាវ៉ាត់។

លោក SASAKI KOJI បានគូសបញ្ជាក់ប្រាប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការដែរថា មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជា ថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទី ក៏អាចផលិតជាថាមពលបានផងដែរ ។ កត្តានេះបានជំរុញ ឲ្យក្រុមហ៊ុនត្រូវរៀបចំផែនការ ក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន ។ លោកបន្តថា ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ជាការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតថាមពលពីសំបកគ្រាប់ស្វាយចន្ទី នឹងរួមចំណែកក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍកម្ពុជា ។

ក្នុងឱកាសដ៏ពិសេសនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន MIRARTH Agri Tech បានសម្រេចវិនិយោគលើការ កែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេ។ លោក វង្សី វិស្សុត បានណែនាំក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទី ឲ្យបានកាន់ច្រើន និងលឿនជាងនេះទៀត និងជាពិសេសធានាបាន នូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។

លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាជាប្រទេស ដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប៉ុន្តែនៅមិនទាន់ប្រើប្រាស់អស់ ពីសក្តានុពលក្នុងវិស័យនេះ នៅឡើយទេ ៕

To Top