ព័ត៌មានជាតិ

ក្រសួងការងារ បើកទ្វាចំហ ទទួលស្វាគមន៍ ដោះស្រាយករណី ណាមួយកើតឡើង និងលើកឡើង ដោយសហជីព

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹង សិទ្ធិសេរីភាព សហជីព នៅកម្ពុជា និងបញ្ជាក់ថាក្រសួងការងារ មិនទុកចោលករណីណាមួយ ដែលលើកឡើង ដោយសហជីព នោះឡើយ ។

៦ចំនុចដែល លោក កត្តា អ៊ន លើកឡើងនោះ រួមមាន៖
ទី១. នៅកម្ពុជាមានលំហសេរីភាព សហជីពទូលំទូលាយដែលសហជីព សកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លួនដោយសេរី។ តាមរយៈនេះហើយ ទើបមានការបង្កើតសហជីព និងអង្គការវិជ្ជាជីវៈ ជាង ៦០០០ ។ បើមានការរិតត្បិត បំផិតបំភ័យ ធ្វើទុកបុកម្នេញសហជីពនោះ មិនមានសហជីពដ៏ច្រើនបែបនេះទេ ។

ទី២. សហជីពត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយគោរពលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកក្នុងក្រសួងការងារ ទីដែលខ្លួនចុះបញ្ជិកា និងគោរពច្បាប់ការងារ ច្បាប់សហជីព ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងអនុសញ្ញាអន្តរជាតិ ស្តីពីការងារ នៃអង្គការពលកម្មអន្តរជាតិ(ILO) ដែលកម្ពុជាជារដ្ឋភាគី ។

ទី៣. សហជីពត្រូវបម្រើផលប្រយោជន៍ ពិតប្រាកដ របស់កម្មករនិយោជិត ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ លក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាព និងជំនាញដល់កម្មករនិយោជិត និងមិនធ្វើសកម្មភាព នយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយ។

ទី៤. ក្រសួងការងារ បានអនុវត្តខ្ជាប់ខ្ជួន និងទៀងទាត់ ការធ្វើអធិការកិច្ចប្រចាំឆ្នាំ តាមគ្រឹះស្ថាន សហគ្រាស និងអធិការកិច្ចតាមបណ្តឹង ដើម្បីពង្រឹងការ អនុវត្តច្បាប់ ធានាសិទ្ធិ និងផល ប្រយោជន៍គ្រប់ភាគី ។ ទន្ទឹមនឹងនេះ ក្រសួងបានអនុវត្តយន្តការ ដោះស្រាយវិវាទការងារ តាមច្បាប់ ដោយមិនទុកករណី ណាមួយចោលឡើយ ដើម្បីធានាបាន នូវសុខដុមរមនាក្នុងគ្រឹះស្ថានសហគ្រាស ប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ។

ទី៥. ការអនុវត្តច្បាប់ ប្រឆាំងជនល្មើស ជាការអនុវត្តច្បាប់ ក្នុងសង្គមនីតិរដ្ឋ ព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរី និងនីតិរដ្ឋ។ ជនណាក៏ដោយ ដែលរំលោភបំពានច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ការអនុវត្តច្បាប់បែបនេះ មិនមែនជាការបំផិតបំភ័យសហជីពនោះទេ។ ជនណាក៏ដោយមិន អាចនៅក្រោមស្លាកសហជីព អង្គការសង្គមស៊ីវិល គណបក្សនយោបាយ ឬនីតិបុគ្គលនានា ប្រព្រឹត្តល្មើសច្បាប់ រួចផុតពីសំណាញ់ច្បាប់ឡើយ ។

ក្នុងចំណុចទី៦ លោកលើកឡើងថា ក្រសួងការងារបើកទ្វាចំហ ទទួលស្វាគមន៍ដោះស្រាយករណី ណាមួយកើតឡើង និងលើកឡើងដោយសហជីព។ បើសហជីព ពិតជាមានចេតនា ពិតប្រាកដដោះស្រាយបញ្ហាជូនកម្មករ និយោជិត និងសហជីព សូមលើកករណី ដែលខ្លួនយល់ថា មិនត្រឹមត្រូវមកអង្គុយ ដោះស្រាយ ជាមួយក្រសួងការងារ ជាជាងលើកឡើងនៅក្រៅឆាក និងមានរបៀបវារៈផ្សេង៕

To Top