ព័ត៌មានជាតិ

ក្រសួងការងារ បើកសិក្ខាសាលា ពង្រឹងទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ឱ្យជ្រើសរើសពលករ ប្រកបដោយក្រមសីលធម៌

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហ្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះបានអញ្ជើញ បើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការពង្រឹងទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករ ប្រកបដោយក្រមសីលធម៌ ដែលរៀបចំឡើង នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិ ខាងការងារ(ILO) និងសមាជិក នៃសមាគមទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជា(អាក្រា) ។

ថ្លែងក្នុងពិធីបើក លោករដ្ឋមន្ត្រី បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជន នៅកម្ពុជាឱ្យគោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀត ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីឱ្យការជ្រើសរើស ពលករបម្រើការងារ នៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលផ្តល់ផល ប្រយោជន៍ ជូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀត ។ លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ ដល់ទេសន្តរប្រវេសន៍ករ ធ្វើចំណាកស្រុកប្រកប ដោយសុវត្ថិភាព ទទួលបានកិច្ចគាំពារ ពីរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍ ជាអតិបរមាដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាលំដាប់។

ក្រៅតែគូសបញ្ជាក់ពីការ យកចិត្តទុកដាក់ និងយន្តការគាំពាររបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី ក៏បានរំលឹកអង្គសិក្ខាសាលាថា ការធ្វើទេសន្តរប្រវេសន៍មួយ ដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយនិងសប្បាយចិត្តដែលរួមមានភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន រដ្ឋាភិបាលនៃប្រទេសទទួល ក្រុមហ៊ុនជ្រើសរើសពលករ នៃប្រទេសបញ្ជូន និងក្រុមហ៊ុនឯកជននៃប្រទេសទទួល រួមទាំងទេសន្តរប្រវេសន៍ករ។

គួររំលឹកថាសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការពង្រឹងទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌នេះ នឹងផ្តល់ឱកាស ដល់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ទាំងអស់យល់ដឹង កាន់តែច្បាស់អំពីច្បាប់ បទបញ្ញតិ្ត និងគោលនយោបាយ ដែលពាក់ព័ន្ធនឹង ការជ្រើសរើសពលករទេសន្តរប្រវេសន៍ និង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអនុវត្តគោលការណ៍ ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ។ បន្ថែមពីនេះ សិក្ខាសាលាក៏នឹងលើកកម្ពស់ ការយល់ដឹងអំពីគោលការណ៍ នៃក្រមសីលធម៌សម្រាប់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌវាយតម្លៃ និងបញ្ជីត្រួតពិនិត្យនៃការអនុវត្តក្រមសីលធម៌។ មួយវិញទៀត សិក្ខាសាលាក៏នឹងបង្កើន សមត្ថភាព ចំណេះដឹង អំពីគោលការណ៍ការជ្រើសរើស និងបង្កើនការអនុវត្តការ ជ្រើសរើសពលករទេសន្តរប្រវេសន៍ ប្រកបដោយប្រសិទ្ធភាព ៕

To Top