នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅខេត្តកំពត ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ៦ បានរាយការណ៍ដោយសង្ខេបជាបន្តបន្ទាប់ស្តីពីស្ថានភាពបុគ្គលិកមន្ត្រីរាជការ ការងារដឹកនាំ ការងារសហប្រតិបត្តិការ ការព្យាករធាតុអាកាសក្នុងតំបន់ជាប្រចាំ និងបញ្ហាដែលបានជួបប្រទះ ព្រមទាំងលទ្ធផលការងារថែទាំនិងជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនាឆ្នាំ២០២៣កន្លងទៅរបស់មន្ទីរតាមខេត្តនីមួយៗ ផងដែរ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវក្តីសោមនស្សរីករាយដែលមានឱកាសបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ដោយផ្ទាល់នៅពេលនេះ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល កាត់បន្ថយគម្លាតរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងស្តាប់នូវរបាយការណ៍ផ្ទាល់មាត់ និងបញ្ហាប្រឈមដែលកើតមានឡើង និងជាឱកាសសម្រាប់មន្ទីរនីមួយៗ អាចផ្លាស់ប្ដូរបទពិសោធន៍ និងចែករម្លែកចំណេះដឹងគ្នាទៅវិញទៅមក។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជាពិសេសកិច្ចអន្តរាគមន៍នៅរដូវប្រាំងកន្លងមកលើការផ្តត់ផ្គង់ទឹកសម្រាប់ស្រោចស្រពវិស័យកសិកម្ម និងទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យខ្លឹមសារជាគន្លឹះ ដើម្បីអនុវត្តការងារបន្តឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតម្រូវការធនធានមនុស្សចាំបាច់ក្នុងការអនុវត្តការងារ ជាពិសេសជំនាញជលសាស្ត្រ ជំនាញធារាសាស្ត្រ និងជំនាញឧតុនិយម ដើម្បីឆ្លើយតបនឹងការងារនាពេលអនាគតសម្រាប់បម្រើឱ្យអន្តរវិស័យ។
គួរបញ្ជាក់ថា ពិធីសំណេះសំណាលរវាងឯកឧត្តមរដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ បានបញ្ចប់ទៅប្រកបដោយអត្ថន័យ និងខ្លឹមសារ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយសំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ក្រោមបរិយាកាសរីករាយ និងសិ្នទ្ធស្នាលបំផុត៕










