ភ្នំពេញ ៖ សហជីពតំណាងកម្មករនិយោជិត ៥ម៉ឺននាក់ ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំ នៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់ » និងនៅមុខក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបិទ ការិយាល័យរបស់សង់ត្រាល់ បើអង្គការនេះមិនកែប្រែខ្លឹមសារ ក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ។
ការព្រមាននេះធ្វើឡើង ពេលសហពន្ធ័សហជីពមូលដ្ឋាន ៤០នាក់ ដែលតំណាងកម្មករ និយោជិត ៥ម៉ឺននាក់ នៃ៥០រោងចក្រ បានដាក់លិខិតស្នើសុំទៅ ការិយាល័យអង្គការសង់ត្រាល់ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ដើម្បីឱ្យអង្គការនេះ កែសម្រួលខ្លឹមសារ ក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤។
លោក អ៊ុន ដារ៉ា អនុប្រធាន និង ជាអ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ប្រាប់ថា ក្នុងករណីមិនមានកែសម្រួល របាយការណ៍ តាមការស្នើសុំទេ សហជីពមូលដ្ឋាន ដែលមានសមាជិក ៥ម៉ឺននាក់ មកពី៥០រោងចក្រ នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហារផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាព នៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយ និងប្រមូលផ្ដុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំ នៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់សង់ត្រាល់តែម្តង។
លោកថា របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់ » កំពុងបង្កើតភាពវឹកវរ បង្កឱ្យមានបញ្ហាញុះញង់ ធ្វើឱ្យមានសង្គ្រាមរវាងសហជីព និងសហជីពកើតឡើង និងកំពុងបំភាន់ព័ត៌មានធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច។ របាយការណ៍របស់សង់ត្រាល់ មិនឆ្លុះបញ្ចាំងការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។
លោក អ៊ុន ដារ៉ា បន្តថា ខ្លឹមសារ នៃរបាយការណ៍របស់អង្គការសង់ត្រាល់ បានធ្វើឱ្យមានការយល់ច្រឡំថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា កំពុងមានការរើសអើង ។ មិនតែប៉ុណ្ណោះ របាយការណ៍នោះ មានចេតនាធ្វើឱ្យអ្នកបញ្ជា ទិញផ្លាស់ប្តូរចេញពីកម្ពុជា ព្រោះយល់ច្រឡំថានៅកម្ពុជា បាត់បង់សេរីភាព និងត្រូវបានបំភ័យដល់កម្មករ និយោជិត ។
លោកបញ្ជាក់ថា៖«យើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទូចដល់លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា»។
អ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើសុំឱ្យអង្គការសង់ត្រាល់កែរសម្រួលខ្លឹមសារ ក្នុងរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនា ជាបន្ទាន់ ព្រោះខ្លឹមសារនោះ ផ្ទុយទាំងស្រុងទៅនឹងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងារ រួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា ៕