ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសម្រាប់​ ប្រទេសជាតិឡើយ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តធ្វើចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរឡើយ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសលោក ប៉ែន បូណា ចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ២៧ មិថុនា ។

សម្រាប់លោក ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេង និងធ្វើការងារធ្ងន់ សម្រាប់ប្រទេសជាតិ និងប្រជាជនទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ក៏មានអម្រែកយ៉ាងធ្ងន់ នៅលើស្មា ក្នុងការរែកពុនបន្តដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍ នាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដែលជាទិសដៅប្រកបដោយមហិច្ឆតា ។ ដូច្នេះ ត្រូវនាំគ្នាជួយបន្ធូរបន្ថយបន្ទុករបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងការងារព័ត៌មាន និងនាំពាក្យ ។

លោកបន្តថា សមិទ្ធផលដែលជាស្នាដៃ របស់រាជរដ្ឋាភិបាលមានច្រើនអនេក ត្រូវចេះបង្ហាញសមិទ្ធផលទាំងអស់នោះឲ្យប្រជាពលរដ្ឋបានឃើញ និងបញ្ជ្រាបគោលនយោបាយជាតិ ឲ្យពួកគាត់បានយល់ដោយមិនបណ្តោយឲ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់មកបំផ្លាញ ស្នាដៃរបស់រាជរដ្ឋាភិបាលបានជាដាច់ខាត ។

ចំណែកលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះវត្តមានរដ្ឋមន្ត្រីប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងការដឹកនាំ និងធ្វើជាវាគ្មិនដោយផ្ទាល់សម្រាប់ការបណ្តុះបណ្តាលនូវប្រធានបទដ៏មានសារៈសំខាន់ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិង នាំពាក្យ» ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវឲ្យស្ថាប័នរដ្ឋគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន ។

លោកបន្តថា ក្រុមការងារនិងព័ត៌មាន និងនាំពាក្យខេត្តកំពង់ចាមដោយមានការចង្អុលបង្ហាញពី លោកអភិបាលបានធ្វើការងារ យ៉ាងសកម្ម ដើម្បីផ្តល់ព៍ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ។ លោករំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានយល់កាន់តែច្បាស់ថែមទៀត អំពីការងារព័ត៌មាន និងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាព នៃការងារអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរដ្ឋបាល សាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់វិស័យ ឆ្ពោះទៅសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

To Top