ព័ត៌មានជាតិ

សមាគមឧស្សាហកម្ម គាំពារបរិស្ថានចិន ស្វែងរកឱកាសវិនិយោគ​ បង្កើតរោងចក្រផលិត ឧបករណ៍ការពារបរិស្ថាន នៅកម្ពុជា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន​ បានអោយដឹងថា កម្ពុជានឹងដាក់ចេញបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យរោងចក្រសហគ្រាសទាំងអស់ ដំឡើងឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារបរិស្ថាន ដូច្នេះកម្ពុជា នឹងត្រូវការនាំចូលឧបករណ៍ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាស ក្នុងស្រុករាប់ម៉ឺនកន្លែង។ នេះជាប្រសាសន៍របស់លោក រាត់ ស៊ិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅទីស្នាក់ការសមាគម គាំពារបរិស្ថានកម្ពុជាEPIAC នាឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមឧស្សាហកម្ម គាំពារបរិស្ថានខេត្តក្វាងទុង ប្រទេសចិន ដែលបានមកបំពេញទស្សនៈកិច្ច នៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិកន្លងទៅ។

លោករាត់ ស៊ិទ្ធ ក៏បានណែនាំអំពីស្ថានភាព នៃឧស្សាហកម្មគាំពារបរិស្ថាននៅកម្ពុជា ជាពិសេស បញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ដែលបញ្ហាប្រឈមទាំងនេះ ក៏ជាឱកាសវិនិយោគសម្រាប់គណៈប្រតិភូឧស្សាហកម្ម គាំពារបរិស្ថានក្វាងទុងនៅកម្ពុជាផងដែរ។

លោក បន្ត ថា ឱកាស វិនិយោគ ទាំងនេះរួមមាន៖ ការដោះស្រាយសំណល់រឹង ការបន្សុទ្ធខ្យល់ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងការបំពុលទឹក។ល។

គួរបញ្ជាក់ថា តបតាមការអញ្ជើញ​ របស់សមាគមគាំពារបរិស្ថានកម្ពុជាEPIAC គណៈប្រតិភូរបស់សមាគមឧស្សាហកម្ម គាំពារបរិស្ថានខេត្តក្វាងទុង នៃប្រទេសចិន ដែលមានសមាជិក៣៦រូប មកពីអង្គភាពជំនាញចំនួន២៧ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងស្វែងរកឱកាសធុរៈកិច្ចនៅកម្ពុជា។

នាឱកាសនោះដែរ លោក Guo Yanping ប្រធានប្រតិបត្តិនៃសមាគមគាំពារបរិស្ថានកម្ពុជា បានណែនាំអំពីស្ថានភាព នៃរបស់សមាគមលោក លើការងារអភិវឌ្ឍន៍ឧស្សាហកម្មគាំពារបរិស្ថាន និងតម្រូវការទីផ្សាររបស់កម្ពុជា ដល់គណៈប្រតិភូយ៉ាងលម្អិត។

លោកបានសង្កត់ធ្ងន់ថា ផែនការការងារគាំពារបរិស្ថានថ្មីៗ របស់សមាគមលោកគឺផ្តោតលើ “សួនឧស្សាហកម្មគាំពារបរិស្ថាន” ដែលកំពុងត្រូវបានផ្សព្វផ្សាយ យ៉ាងសកម្មនិងទូលំទូលាយ។ ទន្ទឹមនឹងនេះលោកក៏សង្ឃឹមយ៉ាងមុតមាំថា សមាគមឧស្សាហកម្ម គាំពារបរិស្ថានក្វាងទុង និងក្រុមហ៊ុនជាសមាជិក ព្រមទាំងអ្នកជំនាញទាំងអស់ អាចចូលរួមក្នុងការងារ និងគម្រោងនេះលើវិស័យបច្ចេកវិទ្យា ឧបករណ៍ វគ្គបណ្តុះបណ្តាលជំនាញ ការពារបរិស្ថាន និងកិច្ចសហប្រតិបត្តិការឧទ្យានឧស្សាហកម្មគាំពារបរិស្ថាននៅកម្ពុជា។លោកសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចនេះ ភាគីទាំងពីរនឹងឈានទៅដល់កិច្ចសហប្រតិបត្តិការ លើគម្រោងសាងសង់រួមគ្នា ដើម្បីលើកកម្ពស់ ការអភិវឌ្ឍឧស្សាហកម្ម គាំពារបរិស្ថានទ្វេភាគីនៅកម្ពុជា និងខេត្តក្វាងទុងប្រទេសចិនផងដែរ៕

To Top