ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ដោយសារការអភិវឌ្ឍ ជីកដាក់លូ ដាក់បំពង់ទឹកស្អាត នៅមិនទាន់រួចរាល់ ដែលធ្វើឱ្យទីក្រុង មានដីហុយបាត់សោភ័ណភាព

កំពង់ចាម ៖ ក្នុងឱកាសស្វាគមន៍ គណៈប្រតិភូ វគ្គបណ្ដុះបណ្ដាល ថ្នាក់ដឹកនាំវ័យក្មេង កម្ពុជា វៀតណាម ឡាវ នារសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទីក្រុងកំពង់ចាម ពេលនេះ ត្រូវជួបការដ្ឋានច្រើន ជួបផ្លូវដីហុយ ផ្លូវក្នុងក្រុងជីកដាក់លូ ដាក់បំពង់ទឹកស្អាតនៅមិនទាន់រួចរាល់ ដែលធ្វើឱ្យទីក្រុងបាត់សោភ័ណភាព ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា បើទោះបីត្រូវជាប់ដៃជាមួយការទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ ១៩ អស់រយៈពេលជិត ៣ ឆ្នាំ ប៉ុន្តែរដ្ឋបាលខេត្តកំពង់ចាម នៅតែជម្នះបានរាល់ឧបសគ្គ ធ្វើឱ្យទីរួមខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបាននូវការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ ទាំងការកសាងសេដ្ឋកិច្ច សង្គម ការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ រូបវន្ត អរូបវន្ត លេចធ្លោ ដូចជា ការកសាងវិមានឯករាជ្យ កសាងរូបសំណាកដំរីឯរាវ័ន សួនច្បារមាត់ទន្លេ ច្រាំងទន្លេ ក្នុងទីក្រុង ផ្លូវដី ផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគារ មន្ទីរពេទ្យ សាលារៀន វត្តអារាម ។ល។ ជាពិសេស ក្នុងបច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍខេត្តជាច្រើន ដែលកំពុងត្រូវអនុវត្តព្រមគ្នា ដូចជាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ និងពង្រីកជា ៤គន្លង គម្រោងដាក់លូរំដោះទឹកភ្លៀង ទឹកស្អុយក្នុងក្រុង គម្រោងធ្វើអាងប្រព្រឹតិ្តកម្មក្នុងក្រុង គម្រោងស្ថានីយទឹកស្អាត, គម្រោងទីលានចាក់សម្រាម ។ល។ ដោយហេតុនេះហើយ ដែលធ្វើឱ្យទីក្រុងកំពង់ចាម ពេលនេះ ត្រូវជួបការដ្ឋានច្រើន ជួបផ្លូវដីហុយ ផ្លូវក្នុងក្រុងជីកដាក់លូ ដាក់បំពង់ទឹកស្អាតនៅមិនទាន់រួចរាល់ ដែលធ្វើឱ្យទីក្រុងបាត់សោភ័ណភាព ។

លោកអភិបាលខេត្តក៏បានឲ្យដឹងផងដែរថា ការងារផ្ដល់សេវាសាធារណៈជូនប្រប្រជាជន ខេត្តកំពង់ចាមអនុវត្តបានកាន់តែបានល្អប្រសើរនូវការផ្ដល់សេវា តាមរយៈអង្គភាពច្រកចេញចូលតែមួយ កាន់តែមានការប្រែប្រួលផ្នែកគុណភាព និង ប្រសិទ្ធភាព ព្រមជាមួយអាកប្បកិរិយារបស់មន្ត្រីផ្ដល់សេវា ទទួលបាននូវការគោរព ស្រឡាញ់ និងការគាំទ្រ ពីប្រជាពលរដ្ឋ ។ ខេត្តកំពង់ចាម ទទួលជ័យលាភីលេខ១  គំរូក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ, ទទួលបានជ័យលាភីទីក្រុងស្អាត រំដួល ៣ទង ៣ឆ្នាំ ជាប់គ្នា និង ជ័យលាភីលេខ១ ប្រចាំឆ្នាំ ២០២២ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ។  ជាមួយគ្នានេះដែរ ខេត្តកំពង់ចាមបានធ្វើការវាស់វែងដីធ្លីជូនប្រជាជន ជាលក្ខណៈប្រព័ន្ធ បានចប់ ១០០% ក្នុងឆ្នាំ ២០២៤ នេះ ៕

To Top