ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបើកឱ្យមានប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការផ្ដល់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយពាក្យផ្ដល់ជូនដោយឥតគិតថ្លៃ។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ តាមអនុក្រឹត្យនោះដែរ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក៕

