ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានអនុញ្ញាតឲ្យកម្ពុជា បើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតឲ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការី ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៨ កក្កដា ដើម្បីស្វែងយល់បន្ថែមអំពីសក្ដានុពល និងវិស័យអាទិភាពសម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានស្នើសុំអនុសាសន៍ណែនាំ ពីលោកឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យអាទិភាពដែលទទួលបាន ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់នានា ដែលជាសក្ដានុពលរបស់កម្ពុជា ដែលបើកឱកាសកាសជូនគ្រប់បណ្ដាវិនិយោគិន ទាំងការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែងម្ដងហើយម្ដងទៀត អំពីកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលអនុញ្ញាតឲ្យកម្ពុជាបើកទ្វារចំហរ ចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។ ក្រៅពីនេះផងដែរ មានកត្តាផ្សេងទៀតដូចជា ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា រដ្ឋាភិបាលគាំទ្រធុរកិច្ចធនធានមនុស្សកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងមានទីផ្សារដែលមានភាពចំហរផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រីបន្ដថា ចំពោះវិស័យអាទិភាពស្របតាមច្បាប់វិនិយោគថ្មី ឆ្នាំ២០២១របស់កម្ពុជា និងស្របតាមផែនការជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានផ្ដល់អាទិភាពលើការវិនិយោគផ្ទាល់ពីបរទេស និងផ្ដល់ការលើកទឹកចិត្ត ពិសេសលើវិស័យមានជាអាទិ៍ឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម និងការកែច្នៃចំណីអាហារជាដើម៕

