ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ កក្កដានេះ អ្នកនាំពាក្យបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងដំណើរការ យ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខ។

អ្នកនាំពាក្យគូសបញ្ជាក់ថា «ទន្ទឹងវឌ្ឍនភាព ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំបាទសូមលំឱនកាយសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ ដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឲ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០»។

អ្នកនាំពាក្យបន្ថែមថា ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយ ប្រការយថាហេតុណាមួយពេលរអិលខ្លាំង ៕
