ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ កំពុងបន្តការងារ កែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចបានប្រព័ន្ធ រដ្ឋបាលមួយ មានសមត្ថភាពខ្ពស់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ក្រសួង កំពុងបន្តការងារ កែទម្រង់រដ្ឋបាលសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុន បានត្រួសត្រាយផ្លូវរួច ដើម្បីសម្រេចបាន ប្រព័ន្ធរដ្ឋបាលមួយ មានសមត្ថភាពខ្ពស់ ។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ទន្ទឹមនឹងការរំលឹកពីការដាក់ការ កែទម្រង់រដ្ឋបាលសាធារណៈ ជាកូនសោរគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ ព្រមទាំងបានបន្ថែមថា «អ្វីដែលយើង បាននិងកំពុងធ្វើ គឺធ្វើយ៉ាងណាសម្រេច បាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ»។

នាឱកាសអញ្ជើញធ្វើបទបាឋកថា ស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា «ក្រសួងមុខងារ សាធារណៈកំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុន បានត្រួសត្រាយផ្លូវរួចហើយ» ។

លោកឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីប្រវត្តិកកើត នៃស្ថាប័នមុខងារសាធារណៈ និងប្រតិបត្តិការការងារប្រចាំថ្ងៃ របស់ក្រសួងមុខងារសាធារណៈ សមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបេសកកម្ម មុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗ របស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ សាធារណៈ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា ក្នុងរយៈពេល ១១ខែ នៃអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន រួមមានការងារកំណែទម្រង់ផ្ទៃក្នុងក្រសួង និងកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួង ។ ទាំងនេះជាការអនុវត្តស្របតាមទិសស្លោករបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ» ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ។

លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីភាពជាមន្ត្រីរាជការស៊ីវិល ជូនទៅដល់សិក្ខាកាមដែលជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្សាភ្ជាប់ជាមួយនឹងពាក្យថា «អនាគតកម្ពុជា»។ អនាគតកម្ពុជា ក្នុងន័យនេះ សំដៅដល់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយឧត្តមគតិនិយម ដែលពូនជ្រុំការងារបច្ចុប្បន្ន ដើម្បីបម្រើប្រជាជាតិ និងប្រជាជនរបស់យើង។

តាមរបាយការណ៍របស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា កម្មវិធីបាឋកថា នាពេលនេះ ក្រុមការងារបច្ចេកទេស បានរៀបចំជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចូលរួមផ្ទាល់ ចំនួន ១៥៥អង្គ/នាក់ (ស្រី ៤១នាក់, ព្រះសង្ឃ ១១អង្គ) និងកម្មសិក្សាការីមន្ត្រីមធ្យមចូលរួមតាមប្រព័ន្ធ Microsoft Teams ចំនួន ២៣៥នាក់ (ស្រី ៤៩នាក់)៕

To Top