ព័ត៌មានជាតិ

កម្មករថា កម្ពុជាបច្ចុប្បន្ន សម្បូរការងារ ធ្វើដោយមាន អ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារ កាន់តែល្អប្រសើរ អត្ថប្រយោជន៍ ពីរដ្ឋាភិបាលក៏ច្រើន

ភ្នំពេញ៖ អ្នកធ្វើការងារនៅក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា នៅកម្ពុជាបច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារ កាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាល ក៏ច្រើនសន្ធឹកសន្ធាប់ ។

លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន នៅមូលដ្ឋានរោងចក្រ ដែលលោកបំពេញការងារ មិនខ្វះការងារធ្វើនោះទេពេលខ្លះស្ទើតែរកកម្លាំងពលកម្ម មកបំពេញការងារថែមម៉ោងស្ទើរមិនបានផង។

លោកថ្លែងថា៖«បច្ចុប្បន្នការងារអត់មានខ្វះខាត ឬពិបាករកអីទេ លក្ខខណ្ឌការងារក៏ល្អប្រសើរ ហើយចំពោះប្រាក់ខែបងប្អូនយើងក៏គ្រាន់បើដែរ។គាត់ថែមម៉ោងថែមអីចឹងទៅ ដល់ចឹងទៅលុយវាបានច្រើន ហើយការធ្វើការងារទៀតសោតអត់មានការថ្នាំងថ្នាក់ មានសេរីភាពការងារ»។

ចំណែកកម្មការិនី សំ គឹមហ៊ង អាយុ៣៧ឆ្នាំ ធ្វើការងារនៅរោងចក្រប៉ាស៊ីហ្វិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយថា បច្ចុប្បន្នសម្បូរការងារស្ទើតែ រកកម្លាំងពលកម្មធ្វើគ្មាន ហើយអត្ថប្រយោជន៍ ដែលកម្មករនិយោជិត ទទួលបានក៏ច្រើនលើស ពីច្បាប់ការងារកំណត់ផងដែរ។ លើសពីច្បាប់កំណត់ត្រង់ថា ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារច្រើនជាង ថែមទាំងមានប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត ។

កម្មការិនីរូបនេះនិយាយថា៖«អត្ថប្រយោជន៍ទទួលបានជាក់ស្តែង បើនិយាយឱ្យចំទៅវាអត់មានបាត់បង់អីផង ទាំងលុយបាយ លុយហ្វ្រី លុយថែមម៉ោង លុយរង្វាន់ បើនិយាយពីបសសគឺអូខេ ហើយលក្ខខណ្ឌការងារមានភាពល្អប្រសើរច្រើន អត់មានអីដែលពិបាក»។

រីឯលោក កាន់ ស៊ីថន អាយុ៥២ឆ្នាំ ធ្វើការនៅរោងចក្រដុងឌូក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ប្រាប់ថា បច្ចុប្បន្នកន្លែងការងារ របស់លោកសម្បូរការងារធ្វើ ខណៈការបញ្ជាទិញក៏មានការកើនឡើង ចំណែកលក្ខខណ្ឌការងារ ក៏កាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលក៏ច្រើន ធ្វើឱ្យបងប្អូនកម្មករនិយោជិតកក់ក្តៅ និងរីករាយក្នុងការបំពេញការងាររបស់ខ្លួន ។

លោកថ្លែងថា៖« ជារួមរោងចក្រយើង មានផ្តល់អត្ថប្រយោជន៍ច្រើន ហើយចំពោះរាជរដ្ឋាភិបាល ក៏លោកបានផ្តល់ នូវអត្ថប្រយោជន៍ច្រើនចំពោះទាំងកម្មករទាំងកម្មការិនី ទាំងអស់គ្នាដូចជា បសស លុយសោធននិវត្តន៍ ប្រាក់ឧបត្ថម្ភស្ត្រី ពិនិត្យផ្ទៃពោះ ហើយការសម្រាលគាត់បាន ប្រាក់ឧបត្ថម្ភពីសម្តេចបន្ថែមទៀតផង»។

លោកបញ្ជាក់ថា នៅកន្លែងការងាររបស់លោកកំពុង មានការដាក់បន្ថែមក្រុមដេរ ជាច្រើនក្រុមបន្ថែមទៀត ហេតុនេះលោកអំពាវនាវទៅ អ្នកមិនទាន់មានការងារធ្វើ សូមកុំមានការព្រួយបារម្ភថា ខ្វះការងារ អាចធ្វើការទំនាក់ទំនង ទៅរោងចក្រដុងឌូក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនង ទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន ៕

To Top