ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាល ជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក នាថ្ងៃ២៥ កក្កដា។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ១តោន មី ២០កេសធំ ត្រីខកំប៉ុង ២០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើគ្រប់មុខ ២០កេស ទឹកបរិសុទ្ធ ៤០កេស និងថវិកា២ម៉ឺនដុល្លារ ជូនដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ចំនួន២២០នាក់ ដោយក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល៕





