ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីនិងក្រុមការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណា ឱ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះ ដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។
កាលលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រីជាក់ស្ដែង ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ថ្ងៃទី៥ សីហា ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធី អុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន ដំណើរការកម្មវិធីប្រកបដោយរលូន ។



លោក ឃួង ស្រេង បានបន្តទៀតថា ការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជា។ គម្រោងនេះ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។




លោក ឃួង ស្រេង បានបញ្ជាក់ថា “ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោង ព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះ ដែលទៀមទាឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាអោយពិធីនេះ ដំណើរទៅដោយរលូន មានសុខសុវត្ថិភាព ជាមួយនិងភាពសប្បាយរីករាយ”។


សូមរំលឹកថា គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឱ្យមានភាពគគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែកវិហារសាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គបែបនេះផងដែរ។


ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ សីហាឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ជាមួយនិងការរៀបចំបាញ់កាំជ្រួច នៅទន្លេ៤មុខ ចំនួន២លើក នោះគឺនៅម៉ោង៧ និង ២០នាទី១លើក និងទី២ នៅម៉ោង៩ និង ៩យប់មួយលើកទៀត៕
