ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (De Montort) ដ៏ល្បីរបស់ចក្រភពអង់គ្លេស នៅកម្ពុជានាពេលនេះ នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅថ្ងៃ៨ សីហា សម្តេចធិបតីមានប្រសាសន៍ថា «វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិត ឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើស កាន់តែសម្បូរបែប ដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា»។
សម្ដេចធិបតីបន្ដថា វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា។
សម្ដេចធិបតីបន្ថែមថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជាក្នុងការការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែង ពោលគឺនៅកម្ពុជាផ្ទាល់តែម្ដង។ សម្តេចជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មីសម្រាប់និស្សិតក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
នាយករដ្ឋមន្ដ្រីបន្ថែមថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួល បានបទពិសោធសិក្សា ថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និងវែងនៅចក្រភពអង់គ្លេស ឬនៅប្រទេសផ្សេងទៀត ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ ក៏នឹងរួមចំណែកប ណ្ដុះវប្បធម៌ និងការយល់ដឹង ពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នា នឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍ នៃសង្គមកម្ពុជាផងដែរ៕
