ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាត ដោយមានលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធាន ២រូប ព្រមទាំងសមាជិកមួយចំនួនទៀត។
គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។
គណៈកម្មការនេះ ក៏មានតួនាទី រៀបចំសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រនៃការរៀបចំ ទីក្រុងឆ្លាតសម្រាប់ រយៈពេលមធ្យម និងរយៈពេលវែង, សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្កើត ទីក្រុងឆ្លាតសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ ពាក់ព័ន្ធនឹងការងារទីក្រុងឆ្លាត, រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការសម្របសម្រួល និងគាំទ្រដល់ ការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាត។
ជាងនេះទៅទៀត រៀបចំវេទិកាពិគ្រោះយោបល់រវាង ដៃគូក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ អង្គការ ក្រៅរដ្ឋាភិបាល ជាមួយស្ថាប័ននានាដើម្បីកៀរគរការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើ ការងាររៀបចំទីក្រុងឆ្លាត, សម្របសម្រួល និងគាំទ្រការផ្សព្វផ្សាយ និងបញ្ញាបគោលនយោបាយនានាពាក់ព័ន្ធនឹង ការងារទីក្រុងឆ្លាតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, រៀបចំរបាយការណ៍ស្តីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនប្រមុខរាជរដ្ឋាភិបាល ៕




