ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវកុំឱ្យចាញ់ល្បិចកលក្រុមប្រឆាំង ក្នុងការប៉ុនប៉ងបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ព្យាយាមធ្វើគ្រប់បែបយ៉ាង ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃ ក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង មួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ មានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ ពាក់ព័ន្ធបញ្ហានឹងបូរណភាពទឹកដី របស់កម្ពុជានៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ទន្ទឹមនឹងនេះ ក៏មានក្រុមជនអគតិមួយចំនួនទៀត ឆ្លៀតឱកាស ដុតឱ្យខ្លោច រោចឱ្យឆៅ តាមរយៈការធ្វើសកម្មភាព កាត់យកខ្លឹមសារសម្លេង និងវីដេអូ ដែល សម្ដេច ស ខេង បានថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈនានា នាពេលកន្លងមកនៅក្នុងនីតិកាលមុនៗ នៃរដ្ឋសភា មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើ ជំហររបស់ សម្ដេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ សីហា នេះ សម្ដេច ស ខេង បានឱ្យដឹងថា វិធីសាស្ត្រដដែលៗ បង្កប់ដោយល្បិចកលពុតត្បុតនេះ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសធ្លាប់ បានប្រើប្រាស់ច្រើនលើកច្រើនសារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូច បានគូសបញ្ជាក់ខាងលើ។

សម្ដេច បានកត់សម្គាល់ឃើញថា ក្នុងដំណើរវិវត្តនៃនយោបាយកម្ពុជាពីមួយ ដំណាក់កាលទៅមួយដំណាក់កាល មជ្ឈដ្ឋានប្រឆាំងទាំងនោះតែងឆ្លៀត ឱកាសកេងចំណេញនយោបាយ ដោយព្យាយាមប្រឌិតព្រឹត្តិការណ៍នានា ដើម្បីទាញការចាប់អារម្មណ៍ និងធ្វើប្រជាភិថុតលើបញ្ហាផ្សេងៗ ដូចជា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង, បញ្ហាសិទ្ធិមនុស្ស, បញ្ហាសិទ្ធិការងារ, សហជីព, និងអង្គការ សង្គមស៊ីវិល ជាដើម ក្នុងគោលដៅបង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សម្ដេច បន្ដថា ទោះបីប្រឈមមុខនឹងព្រឹត្តិការណ៍ទាំងនេះយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្ត ប្រកាន់ខ្ជាប់ភាពចាស់ទុំខាងនយោបាយ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់ខ្លួន ដោយបាន ជម្នះឧបសគ្គរាប់មិនអស់នៅក្នុងសមរភូមិនយោបាយ និងបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាព ផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

សម្ដេច គូសបញ្ជាក់ទៀតថា «ក្នុងស្មារតីនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតា របស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លង ទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយ លាបពណ៌ ញុះញង់ និងបំបែកបំបាក់»។

លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និង គាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយខ្ញុំព្រះករុណាខ្ញុំសូម គាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្ក អសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ៕

To Top