ភ្នំពេញ៖ អាជីវករលក់ដូរ នៅផ្សារអូឬស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល នឹងធ្វើឱ្យតំបន់ព្រំដែនប្រសើរឡើង ហើយបានបដិសេធមិនគាំទ្រ ចំពោះចលនារបស់ជនអគតិជ្រុលនិយម នៅក្រៅប្រទេស ដែលញុះញង់ឱ្យខ្មែរឈ្លោះបែកបាក់គ្នា ។
តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសៅរ៌ទី១៧ សីហាលោកផង់ កុសល់ អាជីវករលក់សម្ភារៈសែនព្រេង នៅក្នុងផ្សារអូឬស្សី បានលើកឡើងថា “ក្នុងនាមខ្ញុំជាអាជីវករផ្សារអូឬស្សីម្នាក់ និងក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ យល់ឃើញថា កិច្ចសហប្រតិបត្តិការ CLV DTA នេះ គឺជាគម្រោងមួយដ៏ល្អ ហើយក៏មិនមែនគម្រោងថ្មីអ្វីទេ វាមានរយៈពេល២៥ឆ្នាំហើយ នេះជាគម្រោងអភិវឌ្ឍតំបន់ជាយដែនប្រទេសយើង ឱ្យល្អប្រើ សើរ ។ “ខ្ញុំជឿជាក់ថា វាមិនមានផលប៉ះពាល់អ្វីទាំងអស់ ហើយចំពោះចលនាពីក្រៅប្រទេស ដើម្បីឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងមួយនេះ ខ្ញុំមិនយល់ស្របទាំងអស់ ដោយសារតែបើមានបាតុកម្ម វានឹងធ្វើឱ្យប៉ះពាល់ដល់មុខរបររកស៊ីប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា វាមិនចំណេញ និងល្អអ្វីទាល់តែសោះ” ។
អ្នកស្រី ប៊ុន ចន្ទសិរីរ័ត្ន អាជីវករលក់ចំណីអាហារក្រៀមនិងផ្អាប់ នៅផ្សារអូឬស្សីម្នាក់ទៀតថា មិនពេញចិត្តលើចលនាបាតុកម្មអ្វីឡើយ ដោយសារប្រទេសកំពុងមានសុខសន្តិភាព បើបង្កចលាចល នឹងនាំឱ្យខាតបង់ មិនចំណេញដល់អាជីវករ ឬពលរដ្ឋខ្មែរឡើយ ។ ក្នុងនោះអ្នកស្រី លើកឡើងថា “ខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដែលមានការផ្តួចផ្តើមគំនិតឡើង ដោយរាជរដ្ឋាភិបាល ខ្ញុំគាំទ្រ ដោយសារខ្ញុំមើលឃើញថា វាជាឱកាសដែលយើងអាចអភិវឌ្ឍប្រទេសយើងបាន ហើយចំពោះការព្រួយ បារម្ភរបស់បងប្អូនយើងមួយចំនួន លើបរណភាពទឹកដីវិញ មកដល់សម័យនេះហើយ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាល នឹងមិនឱ្យបាត់បង់ទឹកដីរបស់យើងទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាល ព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង” ។
អ្នកស្រី ប៊ុន ចន្ទសិរីរ័ត្ន បន្តថា “ការជំរុញឱ្យធ្វើបាតុកម្មថ្ងៃទី១៨ ខ្ញុំគិតថាវជាចលនាមួយ ដែលធ្វើឱ្យមានភាពចលាចលនៅក្នុងសង្គម នាំឱ្យប្រជាពលរដ្ឋមួយចំនួនភ័យខ្លាច វានឹងប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំ និងអ្នកផ្សេងទៀត” ។ ក្នុងនោះអាជីវកររូបនេះ បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋដែលជឿតាមការញុះញង់របស់ជនអគតិ គួរតែគិតឡើងវិញ ហើយកុំព្រួយបារម្ភជ្រុល ។
ដោយឡែកអ្នកស្រី ជា អេង អ្នកលក់បន្លែនៅផ្សារអូឬស្សី បានសម្តែងការមិនពេញចិត្តដូចគ្នា លើជនអគតិដែលទាញយកព្រឹត្តិការណ៍ CLV ចង់បង្កចលាចលក្នុងសង្គម តាមរយៈការអូសទាញឱ្យពលរដ្ឋខ្មែរចូលរួមចលនាបាតុកម្ម១៨សីហា ក្នុងនោះអ្នកស្រី ជា អេង លើកឡើងថា “ខ្ញុំមិនយល់ស្របអារឿងធ្វើបាតុកម្មនោះឡើយ មិនដែលមានផលប្រយោជន៍អីទេ ឱ្យតែមានបាតុកម្ម មិនចំណេញហើយ មានតែខាតពេលវេលាយើង ទាំងការលក់ដូរ ជាដើម”។ អ្នកស្រី បញ្ជាក់ថា អ្នកស្រីមិនមែនប្រឆាំងអ្វីទេ តែក្នុងនាមខ្លួន កំពុងរីករាយនិងសន្តិភាព ដែលរាជរដ្ឋាភិបាលរក្សាបានសព្វថ្ងៃនេះ អ្នកស្រីមិនចង់ឃើញការឈ្លោះបែកបាក់រវាងខ្មែរនឹងខ្មែរទៀតទេ ។
អ្នកស្រី ជា អេង បន្តថា “សូមតែមានឱកាសបានលក់ដូរស្រួលបួលទៅ មិនទៅបាតុកម្មអ្វីទេ អត់ចំណេញទេ ខាតពេលយើងច្រើនណាស់ បាតុកម្មមិនស្រួលទេ កុំធ្វើល្អជាង” ។
ដោយឡែកអាជីវករផ្សារទួលទំពូងមួយរូប បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានបំណងចង់បង្កចលាចល ធ្វើបាតុកម្មនាថ្ងៃទី១៨ សីហាសូមកុំចូលរួម ដោយអាជីវកររូបនេះ លើកឡើងថា “សូមផ្តាំផ្ញើទៅបងប្អូនទៅបាតុកម្ម ទាំងអ្នកដែលកំពុងគិត និងបានគិតរួចហើយ កុំដើរទៅរកផ្លូវបាតុកម្មនេះ មិនល្អឡើយ គិតរឿងជីវភាព សេដ្ឋកិច្ចជាតិយើងវិញប្រសើរជាង” ។
អាជីវករម្នាក់ទៀតនៅផ្សារទួលទំពូងដដែលឈ្មោះ ឡុង ស្រីអូន យល់ឃើញថា វាមិនល្អនោះទេ បើកាលណាមានបាតុកម្ម នឹងធ្វើឱ្យប៉ះពាល់ ដល់ការរកស៊ីលក់ដូររបស់បងប្អូនអាជីវករទាំងអស់គ្នា ។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA អាជីវកររូបនេះ បានបង្ហាញភាពជឿជាក់ថា រាជរដ្ឋាភិបាល នឹងមិនធ្វើឱ្យពលរដ្ឋខកបំណងនោះទេ៕