ព័ត៌មានជាតិ

សម្ដេចធិបតី ចុះហត្ថលេខា លើផែនការបញ្ចប់សាងសង់ផ្លូវក្រវាត់ពំ្រដែន ដោយប្រើពេល១០ឆ្នាំ ជាមួយថវិកាជាង ២០០លានដុល្លារ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កាលពីចុងខែកក្កដា ឆ្នាំ២០២៤ សម្តេចបានចុះហត្ថលេខាលើផែនការ សាងសង់បញ្ចប់ផ្លូវក្រវាត់ពំ្រដែន ដោយប្រើរយៈពេល ១០ឆ្នាំ ជាមួយថវិកាជាង ២០០លានដុល្លារ។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី បានថ្លែងអំណរព្រះគុណ ព្រះមហាស្សត្រ ហ្លួងយាយ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី បានចូលរួមមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន។

សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែនឲ្យបានរួចរាល់។

សម្ដេចធិបតីមានប្រសាសន៍ថា «នៅក្នុងការកសាង មកដល់ពេលនេះ ផ្លូវក្រវាត់ព្រំដែន យើងត្រូវធ្វើជាង ២,៦៦០គីឡូ ឥឡូវយើងធ្វើបាន ១,៣០០គីឡូ បាន ៥០% នៅដល់ ១,៣០០គីឡូទៀត។ ហើយ ១,៣០០គីឡូទៀត ខ្ញុំបានចុះហត្ថលេខា ចុងខែកក្កដា នេះនូវផែនការបញ្ចប់ជូនផ្លូវនេះ ដើម្បីធ្វើរយៈពេល ១០ឆ្នាំ ថវិកាជាង២០០លានដុល្លារ»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសប្រមាណ ៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិសាងសង់ ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ សម្ដេច ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងមូលនិធិនេះ ៕

To Top