ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រ និងចង់ឱ្យមានសាលារៀនគំរូ នៅគ្រប់ខេត្តទាំងអស់ នៃប្រទេសកម្ពុជា ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងកំណែទម្រង់វិស័យអប់រំ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាថ្ងៃទី៨ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីកំណែទម្រង់វិស័យអប់រំ ដែលក្រសួងអប់រំ បាននិងកំពុងបន្តអនុវត្ត រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នា ពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល កំណែទម្រង់សាលារៀន និងសាលាគរុកោសល្យ ការរៀបចំនឹងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស អនុវត្តនូវកញ្ចប់អំណានដំបូង និងគណិតដំបូងសម្រាប់ថ្នាក់បឋមសិក្សា ពង្រីកនូវសេវាអប់រំនៅកម្រិតមត្តេយ្យសិក្សា ជាពិសេសការបង្កើតមត្តេយ្យសិក្សាសហគមន៍ ដើម្បីជួយគាំទ្រដល់ខេត្តដែលនៅឆ្ងាយ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្រេចឱ្យសាលាគរុកោសល្យខេត្ត រៀបចំ ទៅជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ដោយផ្តោតលើការអប់រំ ពហុភាសា ដើម្បីធានាយ៉ាងណា ឱ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសា ប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិ ដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិ ដើមភាគតិច និងលើកកម្ពស់ការចូលរួម របស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការ គ្រប់ភាគីពាក់ព័ន្ធ ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងចង់ឱ្យមានសាលារៀនគំរូ នៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងកំណែទម្រង់វិស័យអប់រំ និងបានរំលឹកដល់វិធានគន្លឹះ ក្នុងវិស័យអប់រំចំនួន៤ ដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជួយពង្រឹងគុណភាពអប់រំ។

វិស័យអប់រំ ចំនួន៤ នោះ រួមមាន ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើ សុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាម ពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ» ៕
