ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សិក្ខាកាមមកពីថ្នាក់កណ្ដាល និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ២៩៤នាក់ ស្រី ៥៦នាក់។

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍លើកឡើងថា វគ្គនេះគឺពិតជាមានសារៈសំខាន់ ដើម្បីឱ្យថ្នាក់ដឹកនាំតាមអង្គភាព ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត យល់កាន់តែស៊ីជម្រៅអំពីយុទ្ធសាស្រ្តបញ្ចកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ និងការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស និងការចែករំលែកនូវបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិថ្មីៗបន្ថែមទៀត យកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព ក្នុងគោលដៅបម្រើជាតិ និងប្រជាជន ព្រមទាំងការចូលរួមសម្រេចឱ្យបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០៕





