ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាបន្តកិច្ចសហការ ជិតស្និទក្នុងក្របខណ្ឌ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញ នៃធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង ។

ក្នុងជំនួបនេះក៏មានការចូលរួមពី លោក អ៊ូ សុផល ប្រធានស្ដីទី នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ ។

ក្នុងពិធីបើកកិច្ចប្រជុំ លោកអគ្គលេខាធិការរង បានបង្ហាញការស្វាគមន៍ យ៉ាងកក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារ អនឡាញ(OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្របគ្នានឹងឱកាសនេះ លោក ក៏បានរំលេច ជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ ប្រព័ន្ធ cdcIPM ដែលកិច្ចការងារនេះបានអនុវត្តស្រប តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះ និងជាបញ្ចកោណទី៥ ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។

បន្ទាប់ពីមានមតិស្វាគមន៍ដោយ លោកអគ្គលេខាធិការរង រួចមក មន្ត្រីជំនាញនៃធនាគារជាតិ នៃកម្ពុជា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនដល់អង្គប្រជុំ អំពីព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និងការតភ្ជាប់លើវិស័យហិរញ្ញវត្ថុ និងធនាគារ ជួយសម្រួលដល់កិច្ចការងារផ្ទេរ-និងទូទាត់សាច់ប្រាក់បានយ៉ាងល្អប្រសើរ ។

ក្រោយពីស្ដាប់បទបង្ហាញ របស់មន្ត្រីជំនាញ អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរ យោបល់យ៉ាងផុសផុល ដោយក្នុងនោះភាគីទាំងពីរ បានឯកភាពនឹង បន្តកិច្ចសហការជិតស្និត និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានាដើម្បីបម្រើប្រយោជន៍សាធារណៈ៕

To Top